Connect with us

ព័ត៌មាន

ចាប់ពីពេលនេះតទៅ អ្នកល្មើសច្បាប់ចរាចរណ៍តម្រូវឱ្យបង់ប្រាក់ពិន័យតាមរយៈធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា ក.អ ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា សម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីផ្តល់ភាពងាយស្រួល និងកាន់តែរហ័សក្នុងការទូទាត់ ចំពោះប្រជាពលរដ្ឋដែលល្មើសទៅនឹងច្បាប់ចរាចរណ៍។

នៅក្រោយចប់ពិធីចុះហត្ថលេខា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈនេះ ក្នុងគោលបំណងសម្រួលនីតិវិធី ការផ្តល់សេវាប្រកបដោយគុណភាពដើម្បីរួមចំណែកលើកកម្ពស់ការគោរពច្បាប់ និងឱ្យមានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងសង្គម។ បន្ថែមពីនេះ ដើម្បីផ្តល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋដែលល្មើសច្បាប់ មានច្បាប់ កុំឱ្យពេលផាកទៅ ហុចប្រាក់ទៅប៉ូលីសតថ្លៃគ្នាដូចនៅតាមផ្សារ ដែលទង្វើទាំងនេះមើលទៅបាត់សណ្តាប់ធ្នាប់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា មូលហេតុដែលឈានឱ្យមានកិច្ចសហការនេះឡើងជាមួយធនាគារ កាណាឌីយ៉ា ដោយសារពីមុន នៅពេលដែលសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ពលរដ្ឋពិបាករកកន្លែងទៅបង់ប្រាក់ពិន័យអត់ឃើញ។ ប៉ុន្តែឥឡូវនេះ ដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមរយៈ អេប (App) ធនាគារ ឬសាខារបស់ធនាគារ កាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់មកបង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ និងចាប់ពីពេលនេះតទៅ។

ពាក់កិច្ចសហការនេះ លោកស្រី ឈាង សោភា នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា បានលើកឡើងថា ធនាគារបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការផ្តល់សេវាទូទាត់បែបឌីជីថល និងមធ្យោបាយទូទាត់តាមបញ្ជរគ្រប់សាខាទាំងអស់ដែលមានសុវត្ថិភាព រហ័ស ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចផ្លូវច្បាប់ឱ្យកាន់តែងាយស្រួល ចំណេញពេលវេលា និងអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia