ព័ត៌មាន
រដ្ឋមន្ត្រីឧស្សាហកម្មជំរុញឱ្យវិស័យសាឡននៅកម្ពុជាចាប់យកបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពសហគ្រិនស្រ្តី
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ហើយជួយជំរុញដល់សហគ្រិនភាពស្រ្ដីនៅក្នុងប្រទេសកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រង និងអភិវឌ្ឍវិស័យសាឡន ដែលជាផ្នែកមួយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែមានភាពអាជីព ទំនើបកម្ម និងមានសុវត្ថិភាពខ្ពស់ស្របតាមស្តង់ដារបច្ចេកទេស។
នៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ឌី បានមានប្រសាសន៍ថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យសំអាងកាយតែម្តង។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្នុងការលើកកម្ពស់សហគ្រិនភាពស្រ្តី។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់យុវជន ពិសេសយុវនារី ដែលស្រឡាញ់វិស័យសាឡន ត្រូវតែបន្តពង្រឹងទាំងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ ព្រោះទីផ្សារបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់ខ្លាំងនូវកម្លាំងពលកម្មជំនាញពិតប្រាកដ ដែលដើរទាន់បច្ចេកវិទ្យា។
លោកស្រី ហង់ វត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យសាឡននៅកម្ពុជា ក្រោមយីហោ ស្នាដៃនារីខ្មែរសាឡន បានលើកឡើងថា វេទិកាថ្ងៃនេះ បានទាក់ទាញម្ចាស់អាជីវកម្មសាឡន អ្នកជំនាញផ្នែកកែសម្ផស្ស និងសហគ្រិនស្រ្តីជាង ២ពាន់នាក់មកជួបជុំគ្នា ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងការចាប់យកឱកាសថ្មីៗ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងហាង និងការកក់សេវាកម្មជាដើម។ លោកស្រី បានបន្តថា វិស័យសាឡន និងថែរក្សាសម្ផស្ស មិនមែនគ្រាន់តែជាការងារកាត់សក់ធម្មតាទៀតឡើយ ប៉ុន្តែបានក្លាយជាវិស័យសេវាកម្មដ៏ធំមួយដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ជាពិសេសជួយដល់ស្រ្តីឱ្យមានជំនាញពិត និងអាចបង្កើតសហគ្រិនភាពក្នុងស្រុកយ៉ាងរឹងមាំ។
សូមបញ្ជាក់ថា វិស័យសាឡន និងថែរក្សាសម្ផស្សនៅកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ជាពិសេសសម្រាប់ស្ត្រី និងយុវជន។ វេទិកាឆ្នាំ២០២៦នេះបានក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការបើកផ្លូវឱ្យម្ចាស់អាជីវកម្មទាំងអស់ ចាប់យកចំណេះដឹងថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនទៅថ្ងៃអនាគត៕អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ