Connect with us

ព័ត៌មាន

រដ្ឋនិងឯកជន រំពឹងថា វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក

រាជរដ្ឋាភិបាល និងវិស័យឯកជន រំពឹងថា វិស័យឧស្សាហកម្មកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ គួបផ្សំការបន្តចលនាការរឹងមាំនៃឧស្សាហកម្ម បម្រើទីផ្សារក្នុងស្រុក ជាពិសេសឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត។

វិស័យឧស្សាហកម្មកម្ពុជា គឺជាចន្ទល់នៃសេដ្ឋកិច្ច ដោយបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច ជាតិ ព្រមទាំងបន្តទាក់ទាញការអភិវឌ្ឍរោងចក្រ និងសកម្មភាពផលិតកម្មផ្សេងៗនៅក្នុងប្រទេស។ ជុំវិញវិស័យឧស្សាហកម្មនេះ ត្រូវ បានរាជរដ្ឋាភិបាលព្យាករណ៍មានកំណើន ៧,២% នៅដើមឆ្នាំ និងនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យនេះត្រូវបានទម្លាក់មកនៅ ត្រឹម ៦,៩% ប៉ុណ្ណោះ តែទោះបីយ៉ាងណា នៅមានអនុវិស័យសំខាន់ៗមួយចំនួនមានកំណើនខ្លាំង បន្តគាំទ្រដល់ទីផ្សារនាំចេញ ជា ពិសេសអនុវិស័យកម្មន្តសាលមិនមែនការដេរ ដែលនឹងអាចសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកក្នុងរង្វង់អត្រា ៣៨% ស្របពេល អនុវិស័យកាត់ដេរ នឹងមានកំណើនថមថយបន្តិចបន្ទួចជាង ១០% ខណៈអនុវិស័យសំណង់បានបន្តកំណើនយឺតក្នុងរង្វង់ ០,៧%។

បណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា បច្ចុប្ប​ន្ន​សកល លោកនៅបន្តហ៊ុមព័ន្ធដោយហានីភ័យនិងមិនប្រាកដប្រជាខ្ពស់ មកលើកសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ក្នុងនោះសម្រាប់ កម្ពុជាក៏ទទួលឥទ្ធិពលបញ្ហាខាងលើនេះផងដែរ ប៉ុន្តែដោយកម្ពុជាបានត្រៀមលក្ខណៈនិងសម្របខ្លួននៃផលប៉ះពាល់ទាំងនោះ និងការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពង្រីកទីផ្សារ ជាពិសេសការដោះស្រាយជុំវិញពន្ធបដិការ និងការលើកទឹកចិត្តដល់ការនាំចូលទំនិញ ពីសហរដ្ឋអាមេរិកដោយរួចពន្ធ រួមជាមួយទីផ្សារអឺរ៉ុប និងការនាំចេញនៅក្រោមក្របខណ្ឌ RCEP ជាដើម បានធ្វើឱ្យចលនាការនាំចេញ នៅតែបន្តកំណើនល្អ។ លោកបណ្ឌិត សង្ងត់ធ្ងន់ថា ខណៈកម្ពុជាទប់ទល់បាននូវបញ្ហាទាំងនេះ នឹងអាចធ្វើឱ្យការនាំចេញរបស់កម្ពុជា នៅតែបន្តកំណើន ដែលគាំទ្រខ្លាំងដោយវិស័យឧស្សាហកម្ម។

 

ចំណែកការនាំចេញវិញ, បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ខណៈពិភពលោកកំពុង ជួបវិបត្តិ​ តែទីផ្សារនាំចេញទំនិញរបស់កម្ពុជានៅតែបន្តកំណើនកើនឡើង បញ្ហាទាំងនេះបង្ហាញឱ្យឃើញភាពរឹងមាំនៃឧស្សាហកម្មក្នុង ស្រុក និងភាពខ្លាំងរបស់ថ្នាក់ដឹកនាំ តាមរយៈការជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការផ្សេងៗ ជាពិសេសការបន្តស្រូបយកការវិនិយោគ បង្កើតរោងចក្រផលិតបម្រើទីផ្សារនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកជាដើម ជាក់ស្តែងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ បានកំពុងដើរ តួរយ៉ាងសំខាន់ ដែលអាចចាត់ទុកជាចន្ទល់សេដ្ឋកិច្ចទី២ ជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។

ជុំវិញវិស័យឧស្សាហកម្ម បើយោងតាមរបាយការណ៍វាយតម្លៃឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិស័យនេះ នឹងមានកំណើន ៦,៩% គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ អនុវិស័យកាត់ ដេរ ត្រូវបានវាយតម្លៃឡើងវិញ មានកំណើនថមថយបន្តិច អាចសម្រេចបានត្រឹម ៧.៦%។ គិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ ការនាំចេញផលិតផលកាត់ដេរ បន្តមានកំណើនក្នុងអត្រា ៦៣% ។ ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានវាយ តម្លៃឡើងវិញថា សម្រេចបានកំណើនក្នុងអត្រា ១០,៣% ជាក់ស្តែងគិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ ការនាំចេញផលិតផល កម្មន្តសាលមិនមែនកាត់ដេរ សម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកជិត ៣៨% ក្នុងនោះគ្រឿងបង្គុំអេឡិចត្រូនិកមានកំណើនល្អ ជិត ៧០%, គ្រឿងបន្លាស់យានយន្ត ៣៣%, កង់ជិត ១៣%, គ្រឿងសង្ហារិមជិត ៣៦% និងសំបកកង់រថយន្តជាង ៥៥%៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia