Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីធនធានទឹក អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពី «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ«ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងជាមួយនឹងហានិភ័យកើនឡើងនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលទម្រង់ទឹកភ្លៀង និងបានបញ្ជាក់ពីសារៈសំខាន់នៃទឹកភ្លៀងដែលជាធនធានធម្មជាតិដ៏មានតម្លៃត្រូវចាប់យក រក្សាទុក អភិរក្ស និងគ្រប់គ្រងប្រកបដោយចីរភាពសម្រាប់អនាគត ដើម្បីជួយគាំទ្រដល់វិស័យកសិកម្ម សន្តិសុខស្បៀង និងសហគមន៍ដែលមានភាពធន់។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទឹកជា «មាស ស» និងជាកម្លាំងចលករដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ ដោយបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមសាលារៀនទឹកភ្លៀង និង ទិវាភ្លៀងខ្មែរ ដែលអាចជួយកសាងវប្បធម៌នៃការគ្រប់គ្រងទឹកឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជន និងសង្គមទាំងមូល និងដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទឹកដែលរួមបញ្ចូលគ្នា ឆ្លាតវៃ និងធន់នឹងអាកាសធាតុ ជាពិសេសប្រែក្លាយទឹកភ្លៀងពីបញ្ហាប្រឈមតាមរដូវទៅជាធនធានយុទ្ធសាស្ត្រសម្រាប់សន្តិសុខទឹក សន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា សន្និសីទអន្តរជាតិនេះនឹងលើសពីការផ្លាស់ប្តូរចំណេះដឹង ហើយនាំទៅរកសកម្មភាពជាក់ស្តែង ភាពជាដៃគូកាន់តែរឹងមាំ និងដំណោះស្រាយជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា តំបន់មេគង្គ និងតំបន់ផ្សេងៗទៀត ហើយក៏នឹងផ្តល់នូវឱកាសដ៏សំខាន់មួយដើម្បីពង្រឹងចក្ខុវិស័យរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការគ្រប់គ្រងទឹកភ្លៀង សន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia