Connect with us

ព័ត៌មាន

ឆមាសទី១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានចេញវិធានការឆ្លើយតបបន្សាប

ឆមាសទី១ក្នុងឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានដាក់ចេញវិធានការឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះផងដែរ ដើម្បីកុំឱ្យសាធារណជន ឬពលរដ្ឋមានការយល់ច្រលំខុស ពិសេសបង្កចលាចលដល់បរិយាកាសសង្គមជាដើម។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយជាង៣ពាន់ករណី។ ឯក្នុងឆ្នាំ២០២៦នេះ ត្រឹមពាក់កណ្តាលឆ្នាំ ក្រសួងបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ២ពាន់ករណីឯណោះ ដែលព័ត៌មានក្លែងក្លាយជាអាទិភាព គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន និងព័ត៌មានដែលប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំ ជាដើម។ ក្រៅពីនោះ ពាក់ព័ន្ធទៅនឹងវិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម វិស័យសុខាភិបាល។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួង បានដាក់ចេញជាវិធានការឆ្លើយតបនានា ដើម្បីទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយដែលបានលេចចេញនៅលើបណ្តាញទំនាក់ទំនងសង្គមនានា ដែលបង្កឱ្យសាធារណជន ឬពលរដ្ឋមានការយល់ច្រលំខុស ពិសេសបង្កចលាចលដល់បរិយាកាសសង្គមជាដើម។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រសួង ក៏បានដាក់ចេញជាវិធានការឆ្លើយតបនានា ដើម្បីទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលបានលេចចេញនៅលើបណ្តាញទំនាក់ទំនងសង្គមនានា ដែលបង្កឲ្យសាធារណជន ឬពលរដ្ឋមានការយល់ច្រលំខុស ពិសេសបង្កចលាចលដល់បរិយាកាសសង្គមជាដើម ខណៈក្នុងមួយថ្ងៃ មានព័ត៌មានក្លែងក្លាយចន្លោះពី១៥ ទៅ២០ព័ត៌មាន បានកើតឡើងតាមរយៈការបង្ហោះចែកចាយទៅលើបណ្តាញសង្គម។

អ្នកនាំពាក្យដដែល បានបញ្ជាក់បន្ថែមថា វិធានការបន្សាបទាំងនោះ គឺក្រសួងប្រើយន្តការទាំងក្នុងក្របខ័ណ្ឌ នៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានដោយផ្ទាល់ និងក៏មានការអនុវត្តយន្តការអន្តរក្រសួង គឺរវាងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងក្រសួងមហាផ្ទៃ។ ហើយយន្តការមួយទៀតនោះ គឺជាយន្តការកម្រិតរាជរដ្ឋាភិបាល ដែលក្រសួងព័ត៌មានសហការជាមួយគ្រប់អ្នកនាំពាក្យ នៃបណ្តាក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់នូវព័ត៌មានដែលជាព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យ នៃស្ថាប័ន្ថនីមួយៗ ក្នុងការពិភាក្សា នឹងដាក់ចេញការបន្សាប តាមរយៈការចេញសេចក្តីបំភ្លឺ, សេចក្តីបដិសេធ ព័ត៌មាន , ការវាយត្រា ថាព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានបំភ្លៃ ជាដើម ។

គួរបញ្ជាក់ថា ក្រុមការងារគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន តែងបង្កើតកម្មវិធីចុះផ្សព្វផ្សាយ ដល់តាមសាលារៀន វិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅទូទាំងប្រទេស ស្តីពីការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទៅដល់ប្អូន ក្មួយសិស្សានុសិស្ស ឲ្យរួមចំណែកជាមួយសង្គមជាតិ ចែករំលែកតែព័ត៌ មាតិកា ឬឃ្លីបវីដេអូរទាំងឡាយណា ដែលជាសារៈប្រយោជន៍ដល់មនុស្សគ្របគ្នា និងផលចំណេញ ដល់សង្គមជាតិផងដែរ ៕អត្ថបទ៖ លីហេង

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia