Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាអន្តរជាតិ បន្ទាប់ពីទទួលបានពានរង្វាន់ពី WHO

នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានអញ្ជើញធ្វើជាវាគ្មិនជាមួយអភិបាលក្រុង ដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពីផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួម – អានុភាពនៃបណ្តាញទំនាក់ទំនង ដែលជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមបង្ការជំងឺមិនឆ្លង បន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោកកាលពីម្សិលមិញ។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអភិបាលត្រូវបានផ្តល់ឱកាសដើម្បីចែករំលែកបទពិសោធន៍មួយចំនួនក្នុងនាមជាថ្នាក់ដឹកនាំនៅមូលដ្ឋាននិងជាសមាជិកបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដូចជា ការជំរុញសកម្មភាពលើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋដែលរដ្ឋបាលរាជធានីភ្នំពេញផ្តោតការយកចិត្តទុកដាក់លើវិស័យស្នូលមួយចំនួន ទន្ទឹមនឹងការលើកកម្ពស់វិស័យសុខាភិបាល ដោយក្នុងនោះរួមមាន ការអប់រំការរៀបចំដែនដីនគរូបនីយកម្ម ការថែរក្សាបរិស្ថានអនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងការពង្រឹងយន្តការតាមដានជីវភាពប្រជាពលរដ្ឋចាប់តាំងពីថ្នាក់ខណ្ឌ សង្កាត់ រហូតដល់ថ្នាក់ភូមិ ដើម្បីធានាបាននូវការផ្តល់នូវតម្រូវការជូនប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមជាសមាជិករបស់បណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុងដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយភាពធន់ មានសុខុមាលភាព និងភាពសុខុដុមរមនាតាមរយៈការរៀនសូត្រពីបណ្តាទីក្រុងជឿនលឿន និងវិធីសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមកជាពិសេសគឺយន្តការក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីក្លាយជាធាតុចូលក្នុងការអនុវត្ត និងពង្រឹងគុណភាពរស់នៅជាក់ស្តែងផងដែរ។ លើសពីនេះ តាមរយៈការចូលរួមជាសមាជិករបស់បណ្តាញបាននាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញនូវវិធានការអនុវត្តដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

លោកស្រីអ្នកនាំពាក្យក៏បានបន្តទៀតថា ក្នុងនាមជាសមាជិកកម្ពុជាដំបូងគេ នៃសម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង (AFHC) និងបណ្តាញភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង (PHC) ឯកឧត្តម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថារដ្ឋបាលរាជធានីភ្នំពេញតែងតែបានប្រកាន់ខ្ជាប់នូវស្មារតីចែករំលែកបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមកនៅតាមវេទិកាសាធារណៈ ដូចជា ក្នុងកិច្ចប្រជុំថ្នាក់ជាតិកម្រិតអភិបាលរាជធានី-ខេត្ត និងការប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅថ្នាក់មូលដ្ឋាន ជូនដល់បណ្តាថ្នាក់ដឹកនាំខេត្តនានា ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំពីសំណាក់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia