Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យងាកមកចុះឈ្មោះក្នុងប្រព័ន្ធវិញ ដើម្បីទទួលអត្ថប្រយោជន៍នានា

ដើម្បីជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យងាកមកចុះឈ្មោះនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការលើកទឹកចិត្ត ការថែបំប៉នផ្សេងៗពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសអញ្ជើញបើកវេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សំណើចុះឈ្មោះមានចំនួនជាង ៤៦ម៉ឺន ៥ពាន់លើថ្នាលឌីជីថល នេះត្រូវបានអនុម័តដោយផ្តល់វិញ្ញាបនបត្រឌីជីថលជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ប្រើប្រាស់ដើម្បីស្នើសុំអត្ថប្រយោជន៍នានា។ ក្នុងនោះ អត្ថប្រយោជន៍បច្ចុប្បន្ន រួមមាន៖ ការស្នើចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍, បណ្ណជំនាញតម្លៃ ១៥០ដុល្លារ, បណ្ណជំនួយសម្រាប់ដំណោះស្រាយឌីជីថលតម្លៃ ១លានរៀល, កញ្ចប់ធានារ៉ាប់រង, សេវាឌីជីថលសម្រាប់ការលក់ និងគ្រប់គ្រងអាជីវកម្ម, ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនភាព និងជំនាញឌីជីថល។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបន្តថា ការចុះឈ្មោះមិនមែនគ្រាន់តែដើម្បីទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការបើកច្រកទៅរកអត្ថប្រយោជន៍ និងឱកាសថ្មីៗសម្រាប់ការរីកចម្រើន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះឈ្មោះបានសម្រេចមិនមានន័យថានឹងទទួលបានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិទេ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវស្នើសុំអត្ថប្រយោជន៍នីមួយៗទៅតាមលក្ខខណ្ឌកំណត់។

នៅថ្ងៃទី២ ខែកញ្ញាកន្លងទៅនេះ តាមរយៈវេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជា ឆ្នាំ២០២៦ ម្ចាស់អាជីវកម្មសាឡន អ្នកជំនាញផ្នែកសម្រស់ អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសាឡន ចំនួនជាង ២ពាន់នាក់ មកពីទូទាំងប្រទេសចូលរួម។ ហើយវេទិកាខាងលើនេះ ក៏ជាការផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដោយផ្តោតលើការផ្សារភ្ជាប់អ្នកប្រកបអាជីវកម្មសាឡន ជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការគាំពារសង្គម ការអភិវឌ្ឍជំនាញ ដំណោះស្រាយឌីជីថល ការធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាល និងដៃគូបាននិងកំពុងរៀបចំជាបន្តបន្ទាប់។

សូមបញ្ជាក់បន្ថែមទៀតថា កាលពីខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យកម្មករ-និយោជិត បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនមីក្រូ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះដោយស្ម័គ្រចិត្ត និងឥតបង់ថ្លៃ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia