Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានរួមជាមួយអ្នកពាក់ព័ន្ធត្រៀមផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ ក្រោយបានរៀបចំ និងបោះពុម្ពផ្សាយយ៉ាងតិច ៤ឆ្នាំម្តង

កិច្ចពិភាក្សាពិគ្រោះយោបល់ ក្នុងការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ បានរៀបចំឡើង ដោយនាយកដ្ឋានគ្រប់គ្រងព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ GIZ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតាព ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការនិងតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចួលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថានមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រងប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នកសិក្សា ស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការជាតិ-អន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និងការធ្វើផែនការសកម្មភាព ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានការពិគ្រោះយោបល់នេះ គឺមានបំណងស្វែងរកការចូលរួមធ្វើបច្ចុប្បន្នភាព ទៅលើសេចក្តីព្រាងមាតិការបាយការណ៍ស្ថានភាពបរិស្ថានជាតិ ក៏ដូចជាការផ្តល់ធាតុចូលសំខាន់ៗ ដែលជាមូលដ្ឋានគោលសម្រាប់គាំទ្រ ដល់ជំពូកនីមួយៗ នៃរបាយការណ៍ពីសំណាក់ភាគីពាក់ព័ន្ធ ក៏ដូចជាទទួលបានការឯកភាពគ្នា លើរបាយការណ៍ស្ថានភាពបរិស្ថានជាតិនេះផងដែរ។

របាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ បានបញ្ចូលនូវប្រធានបទបរិស្ថានចំបងៗចំនួន៦ ក្នុងនោះមានដូចជា៖

*ទី១៖ គុណភាពខ្យល់

*ទី២៖ ធនាធានទឹក

*ទី៣៖ ការប្រែប្រួលអាកាសធាតុ

*ទី៤៖ ព្រៃឈើនិងការប្រើប្រាស់ដី

*ទី៥៖ សំណល់ (រឹង និងសំរាម)

*ទី៦៖ សំណល់រាវ និងទឹកកខ្វក់។

សូមបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ ត្រូវបានរៀបចំនិងបោះពុម្ពផ្សាយយ៉ាងតិច ៤ឆ្នាំម្តង ក្នុងបានអនុវត្តបាន ៤ លើករួចមកហើយគឺ លើកទី១ នៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ២០០៥ លើកទី៣ នៅឆ្នាំ២០១៩ និងលើកទី៤ នៅឆ្នាំ២០២១៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia