Connect with us

ព័ត៌មាន

ប្រធានក្រុមការចុះមូលដ្ឋានស្រុកបាធាយណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវឈរលើគោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» និងខិតខំកសាងឱ្យក្លាយជារដ្ឋបាលសកម្ម

ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញភារកិច្ច និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនការទទួលខុសត្រូវ និងភាពសកម្មក្នុងការបំពេញការងារ។

ឯកឧត្តមបណ្ឌិតបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តឈរលេីគោលការណ៍ “ប្រជាជនជាមជ្ឈមណ្ឌល” និងខិតខំកសាងឱ្យរដ្ឋបាលមូលដ្ឋានក្លាយជារដ្ឋបាលសកម្ម ដោយបន្តចុះជួប ស្តាប់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យ និងជំរុញការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជាប្រចាំនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់អំពីវឌ្ឍនភាព និងការរីកចម្រើនក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យបន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សន្តិភាព និងមានប្រសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យបន្តផ្តោតការយកចិត្តទុកដាក់លើ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia