Connect with us

ព័ត៌មាន

ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី

ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ មន្រ្តី​ជាន់​ខ្ពស់​នៃក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុង «កម្មវិធីបណ្តុះ​បណ្តាល​អាជីវកម្ម​ផ្នែក​សំអាង​កាយ ឆ្នាំ២០២៥-២០២៦» ដែលជា​គម្រោង​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវនារី​ឱ្យ​ក្លាយ​ជាម្ចាស់អាជីវកម្មប្រកបដោយវិជ្ជាជីវៈ។

កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦ នៅរសៀលថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៦នេះ ផ្តោតលើការផ្តល់ចំណេះដឹងផ្នែកថែរក្សាសម្ផស្សតាមស្តង់ដារបច្ចេកទេស សុវត្ថិភាពផលិតផល និងការបំពាក់បំប៉នជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យស្ត្រី និង​យុវជន​មាន​លទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន ធានាបាននូវស្ថិរភាពចំណូល និងការអភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមិនត្រឹមតែបង្រៀនពីបច្ចេកទេសថែរក្សាសម្ផស្ស និងសុវត្ថិភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉ននូវជំនាញទន់ផ្នែកគ្រប់គ្រងធុរកិច្ច និងគណនេយ្យបឋម។ លោកជំទាវ បានសង្កត់ធ្ងន់ថា វិស័យសំអាងកាយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រភពចំណូលដ៏រឹងមាំ និងឆ្លើយតបចំតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

លោកជំទាវ បានលើកទឹកចិត្តដល់យុវនារីទាំងអស់ ឱ្យខិតខំពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយខ្លួនពីសិក្ខាកាម ទៅជាសហគ្រិនស្រ្តីដ៏មានសក្តានុពល និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ប្រឡូកក្នុងវិស័យសំអាងកាយរយៈពេល ១៥ឆ្នាំកន្លងមកនេះ លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលលោកស្រី បានបណ្តុះបណ្តាលសិក្ខាកាម និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសាឡននៅកម្ពុជាកាន់តែមានគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់ សរុបចំនួនលើសពី ២ម៉ឺននាក់។ តួលេខនេះបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍ ការជឿទុកចិត្ត និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនក្នុងវិស័យសាឡន។ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា វិស័យសាឡននៅកម្ពុជា កំពុងទទួលបានការទទួលស្គាល់ថា ជាវិជ្ជាជីវៈដ៏មានកិត្តិយស មានសក្តានុពលសេដ្ឋកិច្ច និងអាចបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព។

ជាការកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននៅកម្ពុជា ហាងសំអាងកាយ ឬហៅថា សាឡន និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សធំៗ កំពុងខ្វះខាតកម្លាំងពលកម្មដែលមានសញ្ញាបត្រ និងបច្ចេកទេសត្រឹមត្រូវ។ ដូច្នេះ កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ គឺជារោងចក្រផលិតធនធានមនុស្សដ៏សំខាន់ដើម្បីបំពេញចន្លោះខ្វះខាតក្នុងទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia