ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច
«កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និងដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួនរបស់កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ យើងមិនត្រូវបណ្តោយឱ្យសក្តានុពលនិងភាពល្បីល្បាញនេះត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើតឡើងនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យ សក្តានុពលនិងសមិទ្ធផលទាំងឡាយដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ យើងត្រូវដើរតួនាទីជាមគ្គុទេសក៍(Guide) ប្រកបដោយទេពកោសល្យក្នុងការផ្សព្វផ្សាយផលិតផលរបស់យើងឱ្យប្រជាពលរដ្ឋបានជ្រាបផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផង។ បើតាមឯកឧត្តម ប៉ែន បូណា ក្រុមការងារព័ត៌មាន និងនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការងារនេះឱ្យបានសកម្ម និងឥតឈប់ឈរ និងដោយមធ្យោបាយវៃឆ្លាតក្នុងស្មារតីបុរេសកម្មជានិច្ច។
ឯកឧត្តមបន្តថា ទន្ទឹមនឹងបុរេសកម្ម ក្រុមការងារព័ត៌មាននិងនាំពាក្យទាំងអស់ក៏ត្រូវតែរហ័សរហួន ក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើសបំភ្លៃនានាឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យព័ត៌មានទាំងនោះមកបំផ្លាញសមិទ្ធផលនានាដែលអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលបានខិតខំកសាងឡើងយ៉ាងលំបាកនោះបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយមានឥទ្ធិពលអាចធ្វើឱ្យមហាជនមានការភាន់ច្រឡំយ៉ាងងាយ ពោលគឺ «គេអាចប្រែក្លាយសឱ្យទៅជាខ្មៅ» ត្រឹមមួយប៉ប្រិចភ្នែក ហើយអាចទម្លាក់កំហុស និងបំផ្លាញស្នាដៃរបស់មន្ត្រីអាជ្ញាធរ ដែលខិតខំធ្វើការបម្រើជាតិជាយូរឆ្នាំ ឱ្យទៅជាមនុស្សអាក្រក់ក្នុងភ្នែកមហាជនលើបណ្តាញសង្គមបានយ៉ាងងាយ។ នេះជាអ្វីដែលពួកយើងត្រូវយកចិត្តទុកដាក់ដើម្បីការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលឱ្យបាន និងខិតខំធ្វើការបម្រើប្រជាពលរដ្ឋកាន់តែទ្វេឡើងថែមទៀត ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើង។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងការថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាមន្ត្រីរាជការនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធនឹងការងារព័ត៌មាន និងសាធារណមតិ សរុបចំនួន ២៥៥នាក់៕






-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន