Connect with us

ព័ត៌មាន

ក្រសួងប្រៃសណីយ និងក្រសួងកសិកម្ម សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សាកលវិទ្យាល័យ ​នៅវិទ្យាស្ថានជាតិចំនួន ២ ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​​ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ស.ក.) ​បានស​ម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (Universit​y​ Management System – UMS)” នៅវិទ្យាស្ថានជាតិចំនួន២ គឺ វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធភាពខ្ពស់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​សកល​វិទ្យាល័យតាមបច្ចេកវិទ្យាឌីជីថល របស់ ក.ស.ក. សម្រាប់វិទ្យាស្ថានទាំងពីរ ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រងរដ្ឋបាលហិរញ្ញវត្ថុ ធនធានមនុស្ស ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១​-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុង​ការ​កសាង​មូល​ធនមនុស្សឌីជីថល និងការធ្វើទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រងរ​ដ្ឋ​បាល​សាធារណៈ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

ក្រសួងទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការតាមដាន វាយតម្លៃ និងពង្រឹងការអនុវត្តប្រព័ន្ធ UMS នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឱ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ប្រព័ន្ធ UMS នេះ ត្រូវបានអភិវឌ្ឍឡើងដោយរួមបញ្ចូលនូវមុខងារស្នូលចំនួន ៣ រួមមាន៖

១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (Student Information System – SIS)៖ សម្រាប់គ្រប់គ្រងទិន្នន័យ

និស្សិត ការចុះឈ្មោះចូលរៀន ប្រវត្តិសិក្សា និងការគ្រប់គ្រងរដ្ឋបាលទូទៅ។

២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System – LMS)៖ ជាថ្នាលគាំទ្រដល់ការសិក្សា

ការចែករំលែកឯកសារមេរៀន ការដាក់កិច្ចការ និងការវាយតម្លៃលទ្ធផលសិក្សាតាមបែបឌីជីថល។

៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (Library System – LS)៖ សម្រាប់​សម្រួល​ដល់​ការ​គ្រប់​គ្រង​ធន​ធាន​ឯកសារ សៀវភៅ ​និងការស្រាវជ្រាវរបស់និស្សិតតាមប្រព័ន្ធអេឡិចត្រូនិក។

​បន្ថែមពីលើមុខងារស្នូលទាំងនេះ ប្រព័ន្ធ UMS ក៏ត្រូវបានធ្វើសមាហរណកម្មតភ្ជាប់ជាមួយថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ដើម្បី​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ​និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia