Connect with us

ព័ត៌មាន

កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២៦ បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើ​ដែន​អធិប​តេយ្យ​ក​ម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅ​ជិត​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃ​អនុ​សញ្ញា​ស្តីពី​អាកាស​ចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋ​នីមួយ​ៗ​មា​ន​អធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃ​អនុសញ្ញាដដែលនេះ បានហាមឃាត់ យន្ត​ហោះរ​បស់​រដ្ឋ​នីមួយៗ​មិន​ឱ្យ​ហោះ​ហើរ​លើដែ​ន​ដី​រដ្ឋ​ដទៃ​ដោយ​គ្មាន​ការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែល​បាន​ចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរព​ការ​ប្តេជ្ញា​ចិត្តរ​បស់​ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្រប​សម្រួល​ដល់​ការ​ដោះស្រា​យជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​នៅ​តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវកា​រ​ប្តេជ្ញា​ចិត្តឥត​ងាក​រេរ​បស់​ខ្លួន​ក្នុង​កា​រដោះស្រា​យប​ញ្ហា​ព្រំ​ដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia