ព័ត៌មាន
កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំ “វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣” នាខែវិច្ឆិកាខាងមុខ
កាលពីរសៀលថ្ងៃទី៣ ខែកញ្ញាកន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង–កម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រវាង ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និង លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា និងការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា, ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង ប្រចាំកម្ពុជា, ស្ថានទូតបារាំងប្រចាំកម្ពុជា និងបណ្ដាក្រុមហ៊ុន ដែលជាដៃគូឧបត្ថម្ភផងដែរ។
នៅក្នុងសន្និសីទក្រោយចប់កម្មវិធីចុះហត្ថលេខា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា វេទិការយៈពេល២ថ្ងៃនាខែវិច្ឆិកាខាងមុខនេះ សម្រាប់ថ្ងៃទី១ គឺជាពិធីបើកផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-បារាំង ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងតំណាងធុរកិច្ចប្រមាណជាង ៤០០ក្រុមហ៊ុន។ ដោយឡែក ថ្ងៃទី២ នឹងមានរៀបចំកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន (B2G) , កិច្ចពិភាក្សាធុរកិច្ច (B2B) , សិក្ខាសាលាពិគ្រោះយោបល់គោលនយោបាយ និងកិច្ចពិភាក្សាតុមូលតាមវិស័យ (ហេដ្ឋារចនាសម្ព័ន្ធ , ថាមពលបៃតង, បច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម)។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គោលដៅធំនៃវេទិកានេះ គឺដើម្បីបង្កើភាពទាក់ទាញសម្រាប់កម្ពុជា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើធុរកិច្ចនៅកម្ពុជា និងសម្រាប់ការបង្កើនឱកាសជូនទៅធុរកិច្ចកម្ពុជាអាចស្វែងរកនូវដៃគូក្នុងការបង្កើនសមត្ថភាពធ្វើធុរកិច្ចក្នុងលំដាប់កម្រិតពិភពលោកតែម្តង។ លើសពីនេះទៀត គឺចង់បង្ហាញលទ្ធភាព និងភាពរីកចម្រើនរបស់កម្ពុជាបន្ថែមទៀត ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយកែវភ្នែកទូទាំងពិភពលោកតែម្តងក៏កំពុងសម្លឹងមើលមកកាន់កម្ពុជាផងដែរ។
វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅឆ្នាំ២០២៦ខាងមុខ ដែលនេះជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបើកចំហទ្វារសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិយាយភាសាបារាំងនៅលើឆាកអន្តរជាតិ។ ហើយតាមរយៈវេទិកាធុរកិច្ចនេះដែរ កម្ពុជារំពឹងទុកថា នឹងពង្រីកការផ្សព្វផ្សាយជាសាធារណៈអំពីវេទិកាទៅកាន់សាធារណជន ធុរជន ព្រមទាំងវិនិយោគិនជាតិ និងអន្តរជាតិ។ ជាពិសេស ការពង្រឹងទំនុកចិត្តរបស់វិនិយោគិនបារំាង និងវិនិយោគមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារំាងដទៃទៀតមកលើទីផ្សារកម្ពុជា ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានភាពរីកចម្រើនជាលំដាប់នាពេលកន្លងមក៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ