ព័ត៌មាន
ក្រសួងបរិស្ថានប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេងនិងរំញ័រនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានរៀបចំ ប្រារព្ធទិវាអូហ្សូនពិភពលោក ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាព សកលដើម្បីភពផែនដីត្រជាក់ជាងមុន» ក្នុងគោលបំណងសំដៅ បំផុសស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី។
ទិវានេះមានសិក្ខាកាមជាព្រះសង្ឃ មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត និស្សិត សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជាប្រមាណ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកអភិបាលរងខេត្តសៀមរាប លោក កែ វង្សវឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន។ ឯកឧត្តម សាបូ អូហ្សាណូ មានប្រសាសន៍ថា ទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន» (Global action for a Cooler Planet ដែលជាពិសេសដើម្បីអបអរសាទរខួប១០ ឆ្នាំនៃវិសោធនកម្មទីក្រុងគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ ឆ្លុះបញ្ចាំង ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការការពារស្រទាប់អូហ្សូន និងដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយផ្អែកលើវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត និងភាពជាដៃគូរវាងប្រទេសនានា។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការពារស្រទាប់ អូហ្សូន និងការដោះស្រាយការប្រែប្រួលអាកាសធាតុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ទោះបីជា សារធាតុហាយជ្រុំភ្លុយអូរ៉ូកាបូន ឬ HFCs មិនបំផ្លាញស្រទាប់អូហ្សូនក៏ដោយ ក៏សារធាតុទាំងនេះមាន សក្តានុពលកម្ដៅសកលខ្ពស់។ ការកាត់បន្ថយជាបន្តបន្ទាប់នូវការប្រើប្រាស់សារធាតុ HFCs រួមជាមួយការ លើកកម្ពស់ប្រសិទ្ធភាពថាមពល និងដំណោះស្រាយប្រព័ន្ធត្រជាក់ប្រកបដោយចីរភាព អាចរួមចំណែកយ៉ាង សំខាន់ក្នុងការទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកលលោក។
សូមបញ្ជាក់ថា ការប្រារព្ធទិវាអូហ្សូនពិភពលោកនាឱកាសនេះ ក៏ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី សំដៅការពារ បរិស្ថាន ជីវៈចម្រុះ សុខភាពសាធារណៈ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចាប់តាំងពី ឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធ «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅ ការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឧទាហរណ៍ ដ៏វិសេសវិសាលមួយដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោបាយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសកល។
ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ក្នុងការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែនការអនុវត្ត វិសោធនកម្មទីក្រុងគីហ្គាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តដាក់ឱ្យអនុវត្ត ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើ អាកាសត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត៕







-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន