ព័ត៌មាន
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង)។
កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
ក្នុងរបៀបវារៈទី១៖ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ និងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទេព្វ សំអូន មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួស ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៦ និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះនឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
ចំណែករបៀបវារៈទី២៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់មុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការនៃ ការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន។ ការធ្វើវិសោធនកម្មនេះ មានគោលដៅធានាឱ្យការកំណត់ មុខតំណែងថ្នាក់ដឹកនាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងលទ្ធផលនៃការបោះឆ្នោត ស្របទៅនឹង ឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹង ប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាល។ ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នេះ ក៏សំដៅ ធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ ការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំ ព្រមទាំងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនមានគោលបំណង កែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមាននោះឡើយ។
អត្ថប្រយោជន៍សំខាន់ៗ នៃសេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹង អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងឯកភាព ក្នុងការ ដឹកនាំរបស់រដ្ឋបាលឃុំ សង្កាត់។ សេចក្តីព្រាងច្បាប់នេះ នឹងជួយពង្រឹងស្ថិរភាព និងនិរន្តរភាពនៃ ការអនុវត្តគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍នានានៅមូលដ្ឋាន ព្រមទាំងបង្កើនគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះ នឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ឱ្យកាន់តែមាន តម្លាភាព គណនេយ្យភាព ព្រមទាំងពង្រឹងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព កាន់តែប្រសើរក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះ ជាការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងការរៀបចំថ្នាក់ដឹកនាំ រដ្ឋបាលឃុំ សង្កាត់ សំដៅពង្រឹងការអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ធានានិរន្តរភាព ការងាររដ្ឋបាល និងឆ្លើយតបបានទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដោយផ្អែកលើគោលការណ៍ នីតិរដ្ឋ និងគោលការណ៍នៃរដ្ឋធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។
ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមាន យោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន