Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាល គ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន

រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់​ការ​បំប្លែង​រ៉ឺម៉ក​កង់​បី​​ពីការប្រើប្រាស់​ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់អគ្គិសនី ដោយ​គម្រោង​នេះនឹង​ចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែកលើប្រេងឥន្ធនៈទាំងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងនៅក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្ម​វិធី​អន្ត​រាគមន៍​គ្រប់​ជ្រុង​ជ្រោយ​ឆ្លើយ​តប​នឹងសភាពការណ៍ពហុវិបត្តិ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅក្នុង​កម្ម​វិធី​អន្តរាគមន៍​គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិនេះ ចំណែកកញ្ចប់​អន្តរាគមន៍​ទី៣៖ ដែលគ្រប់គ្រងការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ត្រូវបានរៀបចំឡើងក្នុង​គោល​បំណង​ជំរុញ​ការ​ប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពល ស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ឧស្ម័ន​ឥន្ធនៈ ឬប្រេងឥន្ធនៈ ក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធនាំចូល លើមុខ ទំនិញ​មួយ​ចំនួន​រួម​មាន ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី, ចង្កៀងសូឡា, ចង្ក្រាន​​កម្ដៅ​អគ្គិសនី, រថយន្តដឹក អ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ជា​ដើម​ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ឬឧស្ម័នឥន្ធនៈ។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ បន្តឱ្យដឹងថា ជាមួយគ្នានេះ, រាជរដ្ឋាភិបាល​ក៏​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​រ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការ ប្រើប្រាស់អគ្គិសនី។ កម្មវិធី​នេះនឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦ ម៉ឺនគ្រឿង នៅ​រាជ​ធានី​ភ្នំពេញ មុន នឹងពង្រីកទៅតាមបណ្តាខេត្តនានា។ កញ្ចប់អន្តរាគមន៍ទី៣នេះ ក៏មាន​ការ​គិតគូរ​ដាក់​ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់បន្ថយហានិភ័យ ពីការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល បញ្ហានេះ​ការ​រៀប​ចំ​ផែន​ការ​ប្រតិបត្តិស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល ការ​អភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់ គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ស្របតាម ស្តង់​ដា​អន្តរជាតិ​។

ជុំវិញការបំប្លែងរ៉ឺម៉កកង់បីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ លេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងផងដែរថា ទាក់ទិនការប្រែក្លាយរ៉ឺម៉កកង់បីពីការប្រើ ប្រាស់ប្រេងឥន្ធនៈ និង​ឧស្ម័ន ទៅប្រើប្រាស់អគ្គិសនីនេះ ក្រសួងកំពុងសិក្សាឱ្យបានច្បាស់បន្ថែមទៀតដូចជា ការរ​ត់​ចម្ងាយ​ផ្លូវ និងការចង់ បានរបស់អ្នកប្រើប្រាស់ ដើម្បីជំរុញការដាក់ចេញឱ្យចំគោលដៅ និង​មាន​ប្រសិទ្ធភាព​។

ទាក់ទិនរ៉ឺម៉កកង់បីនេះ បើយោងតាមទិន្នន័យពីសមាគម និងក្រសួងនៅក្នុងឆ្នាំ២០២០ កម្ពុជា​មាន​ចំនួន​រ៉ឺម៉កកង់បី (រួមទាំងរ៉ឺម៉កកង់បី បែបប្រពៃណី និងម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា) សរុប​នៅទូទាំងប្រទេសមានប្រមាណជាង ១០ ម៉ឺនគ្រឿង ក្នុងនោះនៅរាជធានី ភ្នំពេញ តាម​ការ​ប៉ាន់ប្រ​មាណ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មាន​អ្នក​ប្រក​ប​របរ និងរ៉ឺម៉កកង់បី អនឡាញ (PassApp, Grab ជាដើម) រួមទាំងកង់បីឥណ្ឌា និង​កង់​បី​បែប​ប្រពៃណី​ខ្មែរខ្លះៗ មានប្រមាណជាង ៥ ម៉ឺនគ្រឿង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia