Connect with us

ព័ត៌មាន

ការ​ធ្វើជាម្ចាស់ផ្ទះសន្និសីទ​អន្តរជាតិ ស្ដីពី Online Scams នឹង​បង្ហាញ​ឆន្ទៈ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក

មន្ត្រីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន នៃគណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​​បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង Online Scams នៅចុងខែនេះ នឹងបង្ហាញឆន្ទៈរបស់កម្ពុជាទៅកាន់ពិភពលោក។

សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងជាការ​បង្ហា​ញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ចំពោះ​បណ្តា​ប្រទេស​នៅ​លើពិភពលោក​ឲ្យ​ដឹង​ពី​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​តាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាសកលលោក។

ឯកឧត្តម ទេព អស្នារិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់ BTVថា កិច្ចខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបន្តបង្ក្រាបដោយមិនដកដៃ មិនរាថយ និងមិនលើកលែង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បទ​ល្មើស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែននេះអស់ពីប្រទេសកម្ពុជា។ តាមរយៈការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) គឺកម្ពុជាបង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​បន្ថែម​ទៀត​ចំពោះ​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក​ឲ្យ​ដឹង​ពី​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ ប្រព័ន្ធ​បច្ចេក​វិទ្យា​។

គួរបញ្ជាក់ថា សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​មាន​ការ​ចូលរួម​ពីសំណាក់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែក​រំលែក​បទ​ពិសោធន៍​ និង​ឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាល​ដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសកល។ ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលពុំមាន​ប្រទេស​ណាមួ​យ​អាច​​ដោះ​ស្រាយ​បានតែម្នាក់ឯងនោះឡើយ។ តាមរយៈការធ្វើការរួមគ្នា ការចែករំលែកនូវចំណេះដឹង និង​ពង្រឹងភាពជាដៃគូ យើងពិតជាអាចកាត់ផ្ដាច់ច្រវាក់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លុប​បំបាត់​នូវ​បណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋ ក៏ដូចជា​កសាង​នូវ​បរិស្ថាន​ឌីជីថល​មួយ​ដែល​កាន់​តែ​មាន​សុវត្ថិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia