Connect with us

ព័ត៌មាន

ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា

ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺ​ជា​ប្រព័ន្ធ​ប្រឡាយ ដែលអាច​នាំ​ទឹក​ទៅ​ស្រោច​ស្រព​លើ​​ដី​កសិកម្ម​ប្រជាកសិករ​បាន​ប្រមាណជាង ១ម៉ឺន​៧ពា​ន់ហិ​កតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និ​ង​លំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាល​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺ​ជា​សំណង់​ប្រព័ន្ធ​ធារាសាស្ត្រថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង មិន​ត្រឹម​តែ​សម្រាប់​បំរើ​លើការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កា​រ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ប្រជាកសិករ និងលើវិស័យទេសចរណ៍ថែមទៀត។ ប្រជាកសិករដែលទទួលផលប្រយោជន៍ពីប្រព័ន្ធធារាសាស្ត្រទាំង២ខាងលើ ក៏អាចដាំស្រូវបាន ចាប់​ពី​២​ទៅ៣ដងក្នុង១ឆ្នាំ រួមនិងដាំដំណាំផ្សេងៗ ហើយជីវភាពបានល្អប្រសើរជាងពេលមុន។

លោក​បន្តថា សមិទ្ធិផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោ​ម​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់​ផ្តើម​ពី​ការ​ស្តារ​មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីកពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធា​នាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្ករបង្កើនផលស្រូវ និងដំណាំ​គ្រប់​ប្រភេទ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែក​មួយ​ជួយ​លើក​ស្ទួយដ​ល់​គោល​នយោបាយ​ជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធិភាព និងយុទ្ធសាស្ត្រនាំស្រូវ​អង្ករ​ចេញ​រប​ស់​រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន និង​ជប៉ុន ដែលជានិច្ចជាកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ទើរគ្រប់វិស័យ និងបានកោតសរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹង​ប្រែង​របស់​ក្រុម​ការងា​រអនុ​វត្តគម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះ​ទឹក​ភាគ​ខាង​លិច​បឹងទន្លេសាប ជាមួយលទ្ធផលការងារ​ដែល​សម្រេច​បាន​ទៅ​តាម​ផែនកា​រ​ដែល​បាន​គ្រោង​ទុក​។ លើសពីនេះឯកឧត្តអភិបាលខេត្ត ក៏បានអំពាវ​នាវ​អោយ​ប្រជាក​សិករ​នៅ​ក្នុង​ស្រុក​ទាំង​៣​នៃ​ខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលបានសារៈប្រយោជន៍ពីគម្រោងទាំង២នេះ ត្រូវជួយថែរក្សា និង​ចែក​រំលែកទឹកប្រើប្រាស់អោយមានតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងអោយ​មាន​សុខដុម​រម្យនា​នៅ​ក្នុង​សហគមន៍ទាំងអស់៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia