ព័ត៌មាន
ក្នុងសប្តាហ៍នេះ ក្រុម AOT បានចុះទៅសង្កេតការណ៍ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំឮកឡើងវិញ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញានេះថា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុចច្រកទ្វារអន្តរជាតិចាំយាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ឯកឧត្តមថ្លែងថា បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសបានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។
បើតាម ឯកឧត្តម ប៉ែន បូណា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ បទបង្ហាញនេះបានផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជានូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។
បទបង្ហាញក៏បានលាតត្រដាងពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់ដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។
ក្នុងសប្តាហ៍នេះដែរ ក្រសួងការពារជាតិក៏បានរៀបចំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធាចំនួន២២រូប តំណាងមកពី១៨ប្រទេស។ ក្រសួងការពារជាតិបានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនរហូតឈានទៅដល់បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រសួងក៏បានបញ្ជាក់ជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានឯកភាពគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាលើកទី២។ សំណើររបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)និងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។
ទន្ទឹមនឹងនេះ ការតវ៉ាប្រឆាំងការរំលោភឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃក៏ត្រូវបានធ្វើឡើងគ្រប់ពេលវេលាដោយគ្មានរំលងចំណុចណាមួយឡើយ។ នេះគឺជាការងារការទូតដ៏សកម្ម រស់រវើក និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕







-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ