Connect with us

ព័ត៌មាន

ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំលេចឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ឱកាសការងារ។

បច្ចុប្បន្នមានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដូច្នេះប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាសន៍ និងទទួលបានការងារភ្លាមៗតែម្តង។

ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកថ្មបាំង បានបង្ហាញការចាប់អារម្មណ៍ចំពោះមុខជំនាញការងារដែលក្រុមហ៊ុន សហគ្រាស ផ្សព្វផ្សាយដល់លំនៅដ្ឋាន ខណៈពួកគាត់ចង់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវភាព ក្រៅពីការធ្វើស្រែចម្ការ។ ពលរដ្ឋ និងយុវជនខ្លះ មានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ការងារថ្មី រីឯប្រាក់ខែក៏ខ្ពស់ផងដែរ។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ពលរដ្ឋ ឬយុវជនដែលចង់បានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ ក្រោយពេលរៀនចប់ ពួកគាត់អាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia