Connect with us

ព័ត៌មាន

គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦-២០១៧

ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺការចាំបាច់ណាស់សំរាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោត ហើ​​​យនៅឆ្នាំ២០២៦ ការធ្វើបច្ចុប្បន្នភាពនេះ នឹងត្រូវអនុវត្តចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និ​​​ង២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៦នេះ បានថ្លែងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។ ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ការប្រកាសផ្សព្វផ្សាយប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្ថិតនៅទីស្តីការ គ.ជ.ប រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តថា កា​​រ​​ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺជាការចាំបាច់ណាស់ ពីព្រោះជាលក្ខណៈធម្មជាតិ ក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួន ដូចជាមុខពិតចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬ ខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោ​​តបានចុះឈ្មោះកាលពី១០ឆ្នាំមុន។ បញ្ហានេះអាចនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់​​អ្នកបោះឆ្នោត ហើយអាចឈាន ដល់ការប៉ះពាល់សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ហេតុនេះហើយបានជាចាប់ពី ឆ្នាំ២០២៥ កន្លងមកនេះ គ.ជ.ប សម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិ​​ន្នន័​​យជីវមាត្ររបស់អ្នកបោះឆ្នោត ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ហើយការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) នឹងត្រូវអនុវត្តចំពោះអ្នកចុះឈ្មោះ បោះឆ្នោ​​តក្នុងឆ្នាំ២០១៦ និង២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រពីមុនមក។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia