Connect with us

ព័ត៌មាន

កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

ខេត្តហ្វូជៀន៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងការ​ផ្លាស់​ប្តូរ​ទស្សនៈ​ជុំវិញ​ការវិនិយោគ ជាមួយដៃគូ អន្តរជាតិសំខាន់ៗ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន លើ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជានិងដៃគូ អន្តរជាតិ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.​) ​នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាង​វិស័យ​ឯកជន​កម្ពុជា ​បំពេញបេសកកម្មការងារយ៉ាងសកម្ម និងទស្សនកិច្ច សិក្សាស្វែងយល់ ដើម្បីផ្លាស់ប្តូរ​ទស្សនៈ ​ជាមួយដៃគូអន្តរជាតិសំខាន់ៗ ជាក់ស្តែងក្នុងជំនួបលោក You Lingkan ប្រធាន​ក្រុម​ហ៊ុន​ Xiamen Hongda Taxation Service Limited ភាគីទាំងពីរ​បាន​ផ្តោត​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​ពាណិជ្ជកម្ម ការបង្កើតបណ្តាញ ទំនាក់ទំនងរវាងវិស័យឯកជន និងការទាក់ទាញ​វិនិយោគិន​ពី​ខេត្តហ្វូជៀន មកបណ្តាក់ទុននៅកម្ពុជា។

នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញធ្វើទស្សនកិច្ចសិក្សា និង ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្រុមហ៊ុន SDIC Intelligent Information Technology Co., Ltd. ដោយមានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ ដឹកនាំដោយ លោក Teng Da ប្រធានក្រុមហ៊ុន។ ក្នុងឱកាសនោះ គណៈ ប្រតិភូកម្ពុជាបានសិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុន លើវិស័យកោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មនៃសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល ដែលជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខឌីជីថលប្រកបដោយចីរភាព និងសុវត្ថិភាព។

ចំណែកនៅពេលល្ងាច, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេល ល្ងាចធុរកិច្ច និងវិនិយោគ ដែលត្រូវបានរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ សូមបញ្ជាក់ថា កម្មវិធីទាំងបីនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និង ទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការបើកច្រកផ្លូវបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងដៃគូអន្តរជាតិនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia