Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីការងារលើកទឹកចិត្តយុវជនឱ្យរៀន ធីវ៉េត និង​ស្គាល់ពី​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង​ដើម្បី​អនាគត​ការងារ​ច្បាស់លាស់

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញ​ការ​ឯកភាព​ទាំង​ស្រុង ​និងបានអំពាវនាវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ​លើក​កម្ពស់​វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់​តែ​មាន​សក្តានុពល​បន្ថែមទៀត។

នៅក្នុងការផ្សាយកម្មវិធី «កញ្ចក់ទិព្វ» ក្រោមប្រធានបទ «ធីវ៉េត ជាស្ពាន​ចម្លង​យុវជន​ឆាប់​ចូល​ទីផ្សារ​ការងារ​» កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដើម្បីឆ្លើយតបទៅនឹ​ង​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានជំរុញដល់គ្រឹះស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ (TVET) ទាំងអស់ ត្រូវតែពង្រឹង និង​ពង្រីក​កិច្ច​សហការ​ជាមួយ​វិស័យ​ឯក​ជន​ឱ្យ​បានជិតស្និទ្ធ។ ការធ្វើបែបនេះ គឺដើម្បីធានាឱ្យ​បាន​នូវ​ការ​ផ្សារ​ភ្ជាប់​ទីផ្សារកា​រងារ​ទៅ​នឹង​ជំនាញ​សិក្សា ជួយឱ្យយុវជនទទួលបានការបណ្តុះបណ្តាលចំគោលដៅ និងស្របតាម​តម្រូវ​ការ​ជាក់​ស្តែង​របស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ។

បន្ថែមពីលើ​នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំ និងដាស់តឿន​ដ៏​មាន​តម្លៃ​ទៅ​កាន់​យុវជន​ថា ​មុននឹងសម្រេចចិត្តជ្រើសរើសរៀនជំនាញអ្វីមួយ យុវជនត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិន ពិសេស​គឺត្រូវស្វែងយល់ពីចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន។ កាលណា​ជ្រើស​រើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ យុវជននឹងមានការតស៊ូ បន្តការសិក្សាទៅមុខបានយ៉ាងល្អ និងមិនងាយ​បោះបង់​ចោល​ពាក់​កណ្តាលទីឡើយ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ វាគ្មិនសំខាន់ៗ ៣រូប រួមមាន៖ លោក រស់ វ៉ា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ជាន់​ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏បាន​លើក​ទឹកចិត្តដល់យុវជនកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះវិស័យនេះជាជម្រើសដ៏វិសេសវិសាលក្នុង​ការ​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ​លឿនរហ័ស​។ ​លើសពីនេះ មានការរៀបចំឱកាសសិក្សាជាច្រើនកម្រិត ចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ដែល​អនុញ្ញាតឱ្យយុវជនអាចបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ដើម្បី​កសាង​អនាគត​អាជីព​មួយដ៏រឹងមាំ និងមានស្ថិរភាពពិតប្រាកដក្នុងជីវិត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia