ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានគត់មត់ជាប្រចាំ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក/ឃុំ/ សង្កាត់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានគត់មត់ ជាប្រចាំ ហើយក៏ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ជាអាទិ៍៖ អំពើលួច-ឆក់-ប្លន់, ល្បែងស៊ីសងខុសច្បាប់, ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង សកម្មភាពក្មេងទំនើងគ្រប់រូបភាព ។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញ្ញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម និងអគារវិទ្យាល័យព្រះធម្មស្រះស្រុកពញ្ញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨.០៩.២០២៦ នេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដថា៖ ការផ្តល់សេវាសាធារណៈ គឺជាកិច្ចការអាទិភាព ក្នុងកម្មវិធីនយោបាយ របស់រាជ- រដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នេះ នៃរដ្ឋសភា, ដែលត្រូវបន្តលើកកម្ពស់, ទាំងគុណភាព និង ប្រសិទ្ធភាព ។ ហេតុដូច្នេះ, រដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តលើកកម្ពស់ ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឲ្យបានកាន់តែរហ័ស និង ងាយស្រួល សម្រាប់ប្រជា- ពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍, ស្តង់ដា, បែបបទ និងនីតិវិធីជាធរមាន, ប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព, ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់បង-ប្អូនប្រជាពលរដ្ឋ ដែលបន្តកើនឡើង ពីមួយថ្ងៃទៅ មួយថ្ងៃ ស្របពេលដែលប្រទេសយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដទៀតថា៖ ក្នុងកាលៈទេសៈពិសេសបច្ចុប្បន្ន ដែលជាតិយើង ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការ- តស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ខ្ញុំស្នើសុំ រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, ក៏ដូចជា បង-ប្អូនប្រជាពលរដ្ឋទូទៅពីគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និង ឯកភាពជាតិរឹងមាំ។
កម្លាំងសាមគ្គីភាព និង ឯកភាពជាតិ ដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរ ពិត ជាមានសារៈសំខាន់ និង មិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយ ជោគជ័យ ក្នុងបរិការណ៍ដែលស្ថានភាពក្នុងតំបន់ និង លើសកលលោក បន្តមានភាព- មិនប្រាកដប្រជាកាន់តែខ្ពស់ និង ស្របពេលដែលបញ្ហាព្រំដែន មិនទាន់ត្រូវបានដោះស្រាយ បញ្ចប់នៅឡើយ ។
យោងតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានអោយដឹងថា៖ គម្រោងសាងសង់អគារថ្មីទាំង ៣ ទីតាំង នាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លថ្ល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១.មន្ទីរពេទ្យបង្អែកពញាឮ៖ សាងសង់អគារសម្រាកព្យាបាលទូទៅថ្មីដ៏ទំនើប ចំនួន ១ខ្នង កម្ពស់ ៤ ជាន់ មានបណ្តោយ ៥០ ម៉ែត
ទទឹង ៣០ ម៉ែត្រ សរុប ១១៣ បន្ទប់។ ២.វិទ្យាល័យទេពប្រណម្យ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ ម៉ែត្រ សរុប ១៥ បន្ទប់សិក្សា និង ១០ បន្ទប់ទឹក ។
៣. នៅវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ ម៉ែត្រ សរុប ១៥ បន្ទប់សិក្សា និង ១០ បន្ទប់ទឹក ផងដែរ។ ឯកឧត្តមបានបន្ថែមថា៖ ការបើកការដ្ឋានសាងសង់សំណង់អគារថ្មីទាំង ៣ ទីតាំងនេះ មិនត្រឹមតែជាការ បំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ក្នុងការផ្តល់សេវាសុខាភិបាល និងអប់រំ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគជាយុទ្ធសាស្ត្រលើមូលធនមនុស្សដ៏មានតម្លៃ តាមរយៈ ការលើកកម្ពស់គុណភាពជីវិត ថែរក្សាគាំពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ និង ជាថ្នាលបណ្តុះបណ្តាលបញ្ញាញាណភ្លឺស្វាងដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំង ស្នងឫស្សី ក្នុងការបន្តកសាងអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាសង្គមជាតិទាំងមូល។
ដោយ៖ សៅ យ៉ាម៉ង់













-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ