ព័ត៌មាន
រដ្ឋមន្រ្ដីសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ក្នុងទីក្រុងគូឡាឡាំពួ
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ប្រកបដោយសុខភាពល្អ ធានានិរន្តរភាព និងភាពធន់ ដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖
– ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន។
-ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល។
– ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ អាស៊ានអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជប៉ុន និងរបាយការណ៍កិច្ចប្រជុំរបស់ឧត្តមមន្ត្រីសុខាភិបាល (PrepSOM) នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
– ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។
– ព្រមទាំងបង្ហាញនូវរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ