Connect with us

ព័ត៌មាន

យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន

បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) នៅឆ្នាំសិក្សា​២០២៦នេះ បានចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាមានច្រើន។

យុវជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់ BTVឲ្យដឹងថា នៅថ្ងៃនេះពួកខ្ញុំមកដាក់ពាក្យចូលរៀនជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្ដុះបណ្តាល​​បច្ចេ​​កទេ​​ស​​ ព្រោះជំនាញនេះពួកខ្ញុំស្រឡាញ់ចូលចិត្តតាំងពីក្មេង និងងាយរកការងារធ្វើ ស្របពេលប្រទេសជាតិកំ​​ពុ​​​ង​​​​​​មា​​​​នការអភិវឌ្ឍជាបន្តបន្ទាប់។ ហើយពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនជំនាញអគ្គិសនីឱ្យចេះពិតប្រាកដ។

លោក ម៉ោញ សំណាង អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រាប់BTVដែរថា សម្រាប់និស្សិតរៀនជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថាន NTTI ពេលរៀនចប់ពួកគេតែងតែមានឱកាសការងារធ្វើ ព្រោះតំរូវការទីផ្សារការងារផ្នែកអគ្គិសនី គឺមានច្រើន ពោលមានដូចជា៖ អគ្គិសនីកម្ពុជា អគ្គិសនីផ្គត់ផ្គង់ថាមពលនៅក្នុងឧស្សាហកម្ម និងអគ្គិសនីលើផ្នែកសូឡាជាដើម។

លោក ម៉ោញ សំណាង ក៏បានអំពាវនាវដល់យុវជនទើបប្រឡងបាក់ឌុបចប់ទាំ​​​ង​អ្នកប្រឡងជាប់ និងធ្លាប់ គួររៀនជំនាញអគ្គិសនី ដើម្បីទទួលបានចំណេះជំនាញមួយពិតប្រាកដ អាចរ​​​​ក​​​​​ប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គិសនីកម្ពុជា តាមរយៈបណ្តាញសង្គម ​បានអំពាវនាវដល់សិស្សទើបប្រឡងបាក់ឌុបចប់ មានបំណងចង់រៀនជំនាញអគ្គិសនី គឺអាចដា​ក់ពាក្យប្រឡងទទួលបាន​​​អាហារូបករណ៍នៅវិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី ដែលមានថ្នាក់បរិញ្ញាបត្ររងចំនួន១២០នាក់ និងវិ​​​ស្វ​​ករ​អគ្គិសនីចំនួន៨០នាក់ ដែលកាលបរិច្ចេទ នៃការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី០១​​​ដល់ថ្ងៃទី២០ខែ​​កញ្ញា​​ ឆ្នាំ២០២៦។

គួរបញ្ជាក់ដែរថា ជំនាញអគ្គិសនីមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia