ព័ត៌មាន
អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
សមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករត់រ៉ឺម៉កកង់បី លើកឡើងថា គម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងរ៉ម៉កកង់បី ដើរដោយថាមពលឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើប្រាស់ថាមពលអគ្គិសនី គឺជាវិធានការដោះស្រាយវិបត្តិឥន្ធនៈរយៈពេលវែង និងជាការកាត់បន្ថយភាពក្រីក្រ។
លោក វន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា យន្ដការរបស់រាជរដ្ឋាភិបាល ដែលគ្រោងឧបត្ថម្ភធន លើការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី គឺជាជម្រើសដ៏ល្អ ក្នុងពេលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពល និងឧស្ម័នហ្គាស។ ហើយវិធានការនេះ ក្រៅពីដោះស្រាយវិបត្តិថាមពលសកល ដែលបន្តឡើងថ្លៃ ក៏ជាការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ និងខ្យល់ពុលផងដែរ។
លោក វន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖«ខ្ញុំមើលឃើញថា វាជាយន្ដការថ្មី ដែលរដ្ឋធ្វើទៅតាមគោលនយោបាយ អភិវឌ្ឍន៍កម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។ ហើយស្របទៅនឹងការឆ្លើយបរិបទឡើងថ្លៃប្រេងឥន្ធនៈ ក៏ដូចជាឧស្ម័នហ្គាស។ ហើយឆ្លើយតបទៅនិងការប្រែប្រួលអាកាសធាតុ សម្អាតទីក្រុង កុំឱ្យមានខ្យល់ពុល។ ហើយការឧបត្ថម្ភធននេះ ខ្ញុំយល់ឃើញថា បើសិនជារដ្ឋឧបត្ថម្ភធន ឱ្យចំទៅនឹងតម្រូវការ ឧទាហរណ៍ រដ្ឋចង់ឱ្យប្រើរ៉ឺម៉កអគ្គិសនី តើរដ្ឋមានអ្វីប៉ះប៉ូវ នូវការខូចខាតនៅពេលដែលគាត់ដូរពីរ៉ឺម៉ក ដែលប្រើហ្គាស ប្រើសាំង មកប្រើអគ្គិសនីវិញ។ ហើយបើរដ្ឋប៉ះប៉ូវឱ្យសមស្របទៅនឹងតម្រូវការរបស់ពួកគាត់ ខ្ញុំយល់ថា ជាវិធានការល្អ ពួកគាត់អាចទទួលបាន។ ហើយមួយវិញទៀត រ៉ឺម៉កចាស់ៗ ដែលពួកគាត់លក់ចេញ រដ្ឋមានយន្ដន្ដការជួយដំណោះស្រាយបន្ថែមទៀតយ៉ាងណា នោះនឹងកាន់តែឆ្លើយតបចំតម្រូវការរបស់ពួកគាត់»។
លោក ស៊ុម វ៉ុន អ្នករត់កង់បី មានស្រុកកំណើត នៅស្រុកសំរោង ខេត្តតាកែវ ប្រាប់ BTV ថា លោកប្រកបរបរត់ រ៉ឺម៉កកង់បី ជាង ១០ឆ្នាំហើយ តាំងពីរ៉ឺម៉កខ្មែរ ចាក់សាំង បន្ទាប់មកក៏ប្ដូរមក រត់រ៉ឺម៉កកង់បី ចាក់ហ្គាសវិញនៅឆ្នាំ២០១៩។ លោកប្រាប់ថា ការប្ដូរមកប្រើរ៉ឺម៉ក ដើរដោយថាមពល ឧស្ម័នហ្គាស ព្រោះឃើញថា ឧស្ម័នហ្គាស កាលនោះតម្លៃទាបជាងសាំង។ ប៉ុន្ដែបច្ចុប្បន្ននេះហ្គាសបន្តឡើងថ្លៃ មួយលីត្រ ២,៤០០រៀល ហើយលោកត្រូវចាក់ម្ដងជាង ៦លីត្រ ដែលថ្ងៃខ្លះគ្រប់គ្រាន់សម្រាប់មួយថ្ងៃ និងថ្ងៃខ្លះទៀត ត្រូវចំណាយជាង ១០លីត្រ ខណៈចំណូលអាចរកបានចន្លោះពី ៥០,០០០ ទៅ ១០០,០០០រៀល។ លោកយល់ ថា ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើថាមពលអគ្គិសនី នឹងជួយសន្សំថវិកាបានច្រើន ខណៈតម្លៃអគ្គិសនី រដ្ឋធានាបានស្ថិរភាពតម្លៃ និងការផ្គត់ផ្គង់។
ចំណែកលោក សាវឿន ពលរដ្ឋមកពីខេត្តព្រៃវែង បច្ចុប្បន្នប្រកបរប រត់រ៉ឺម៉កកង់បី នៅភ្នំពេញមួយរូបទៀត បានប្រាប់ថា បច្ចុប្បន្ននេះអ្នករត់រ៉ឺម៉កកង់បីបារម្ភពីការឡើងថ្លៃ ឧស្ម័នហ្គាស ពីព្រោះជម្លោះប្រដាប់អាវុធអន្ដរជាតិនៅតែមិនទាន់បញ្ចប់។ លោកមើលឃើញថា គម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភធន បំប្លែងរ៉ឺម៉កកង់បី ពីការប្រើថាមពលប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅប្រើថាមពលអគ្គិសនី គឺជាវិធានការដោះស្រាយវិបត្តិថាមពលក្នុងរយៈពេលវែង ហើយក៏ជួយកាត់បន្ថយភាពក្រីក្រផងដែរ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សារៀបចំយន្ដការ និងគ្រោងដាក់ឱ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្ដល់ឥណទានសម្បទានសម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ទៅជាការប្រើអគ្គិសនី។ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមអនុវត្តសាកល្បង លើរ៉ឺម៉កកង់បី ប្រមាណ ៦០,០០០គ្រឿង ក្នុងរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្ដាខេត្ត។
សូមជម្រាបជូនថា យោងតាមទិន្នន័យពីសមាគម និងក្រសួង កាលពីឆ្នាំ២០២០ នៅកម្ពុជា មានរ៉ឺម៉កកង់បី ដែលរួមមាន រ៉ឺម៉កកង់បី បែបប្រពៃណី ម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា សរុបនៅទូទាំងប្រទេសមានជាង ១០០,០០០គ្រឿង ហើយនៅរាជធានីភ្នំពេញមានជាង ៥០,០០០គ្រឿង៕អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា