Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់កម្ពុជា៖ កិច្ចព្រមព្រៀង FTA និង RCEP កំពុងជួយបើកច្រកទីផ្សារ និងពង្រឹងខ្សែច្រវាក់ ផ្គត់ផ្គង់

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងទៅកាន់ធុរកិច្ចចិនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែ ទូលំទូលាយ ការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)   ថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគសកលសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ» នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, បានលើកឡើងនូវទស្សនទានយុទ្ធ សាស្ត្រដ៏ស៊ីជម្រៅ អំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការបង្កើត កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើនល្បឿននៃការ អភិវឌ្ឍបៃតង។ ក្នុងបរិបទនេះ ការវិនិយោគមិនត្រឹមតែសំដៅលើការស្វែងរកផលចំណេញហិរញ្ញវត្ថុរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែត្រូវ ផ្តោតលើវិធីសាស្ត្របង្កើតតម្លៃបន្ថែមរយៈពេលវែង ការពង្រឹងភាពធន់ ការភ្ជាប់ទំនាក់ទំនង និងការចែករំលែកវិបុលភាពរួមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាគឺជាគំរូជាក់ស្តែងមួយ ដែលបានផ្លាស់ប្តូរមុខមាត់នាពេលពីរទសវត្សរ៍ចុងក្រោយ ទៅជាសេដ្ឋកិច្ចបើកចំហ និងមានសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអាស៊ាន ចិន និងទីផ្សារសកល។ ក្នុងដំណើរផ្លាស់ប្តូរដ៏មាន អត្ថន័យនេះ ភាគីចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់និងមិនអាចខ្វះបាន បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរីក ចម្រើនយ៉ាងខ្លាំង លើវិស័យសក្ដានុពលជាច្រើនដូចជា ឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយសម្រាប់ធុរជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់ខ្លួន គឺការប្រែក្លាយទៅជា «ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០» និងឈានទៅសម្រេចបានជា «ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»។ ដើម្បីប្រែក្លាយចក្ខុវិស័យ នេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តទាក់ទាញលំហូរវិនិយោគ ប្រកបដោយគុណភាព និងចីរភាព លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់។ វិស័យទាំងនោះរួមមាន ឧស្សាហកម្មកែច្នៃ កម្រិតខ្ពស់ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត ការកែច្នៃកសិផល និងប្រព័ន្ធភស្តុភារកម្មទំនើប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រយ៉ាងសកម្មរបស់រដ្ឋាភិបាល និង ប្រជាជនចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍កម្ពុជា ឱ្យមានភាពរីកចម្រើន យ៉ាងឆាប់រហ័សប្រកបដោយមោទនភាព នាពេលពីរទសវត្សរ៍កន្លងមកនេះ៕អត្ថបទ៖ សុន រ៉ាឌី

 

 

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia