Connect with us

ព័ត៌មាន

សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានស្វាគមន៍ហើយអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចសង្ឃឹមថា ក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់កាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួប ជូនសារតាំងនៅក្នុងឱកាសនេះ។

ឯកឧត្តមបានលើកឡើងថា ឯកឧត្តមបានស្គាល់សម្ដេចតេជោតាមរយៈការបញ្ជាក់អំពីជំហរនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ឲ្យកាន់តែមានភាពសកម្ម និងកាន់តែរីកចម្រើន។ សម្ដេចចង់ឃើញការពង្រីកនូវពាណិជ្ជកម្មសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម។

ជាចុងក្រោយ សម្ដេចតេជោហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ទទួលបាននៅភាពជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia