Connect with us

ព័ត៌មាន

ទូតកម្ពុជានៅបារាំងបន្តប្រាប់ប្រទេសសមាជិកហ្វ្រង់កូហ្វូនីអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលនៅតែបន្តកើតមាន

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងជាអនុប្រធានគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានចូលរួមក្នុងកិច្ចប្រជុំលើកទី២៦០ នៃគណៈកម្មការនយោបាយ OIF នៅទីក្រុងប៉ារីស។

ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលនៅតែបន្តកើតមាន បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការដាក់បន្លារលួស ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះកំពុងរារាំងជនភៀសសឹកកម្ពុជាប្រមាណជាងពីរម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន ខណៈកុមារជាច្រើននៅតែមិនអាចត្រឡប់ទៅសាលារៀន និងការរស់នៅប្រកបដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញបាន។

កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា និងរុះរើហេដ្ឋារចនាសម្ព័ន្ធនានាដែលបានដំឡើងនៅទីនោះ ដើម្បីបើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

កម្ពុជាបានបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការកែប្រែស្ថានភាពជាក់ស្តែងនៅលើដីដែលបានដណ្តើមកាន់កាប់ឡើយ។ រាល់វិវាទត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមក្របខណ្ឌច្បាប់ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យថៃបង្ហាញសុឆន្ទៈ និងចូលរួមឡើងវិញដោយគ្មានការពន្យារពេលក្នុងការងារកំណត់ និងបោះបង្គោលព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ស្របតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ មានប្រទេសមួយចំនួនបានសម្តែងការគាំទ្រដោយអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម លុយ ដាវីត បានធ្វើបទបង្ហាញអំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវឌ្ឍនភាពជាវិជ្ជមាននៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដោយបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពជោគជ័យនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia