Connect with us

ព័ត៌មាន

ក្រសួងការងារ អំពាវនាវយុវជនចូលរួមពិព័រណ៍ជាតិការងារ ចាប់ឱកាស និង​តម្រង់​ទិស​អាជីព​ឱ្យ​ត្រូវ​ជំនាញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ក៏ដូចជាសិស្សានុសិស្ស ឱ្យ​ចូល​រួមពិព័រណ៍ជាតិ​ការងារ និងផលិតភាពការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែ​កញ្ញា​ខាង​មុខនេះ ដើម្បីចាប់យកឱកាសមាសក្នុងការស្វែងរកការងារ និងតម្រង់​ទិស​អាជីព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវស្របតាមជំនាញ និងសមត្ថភាពពិតប្រាកដ។

នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” កាល​ពី​ក​ន្លងទៅ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសា​សន៍​ឱ្យដឹងថា ពិព័រណ៍ជាតិឆ្នាំនេះ មិនត្រឹមតែជាកន្លែងផ្តល់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែ​ជា​វេទិកា​តភ្ជាប់​ដ៏មានប្រសិទ្ធភាព។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារ គួរត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដោយសារ​ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស​ធំ​ៗ​ចំនួន​១៥០ ​ដើម្បីដាក់តាំងបង្ហាញ។

លោក ស៊ុន មេសា បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកឡើងថា ពិព័រណ៍ជាតិ​ការងារ និងផលិតភាពការងារ គឺជាកន្លែងសម្រាប់​ស្វែងរកការងាររបស់យុវជន និងប្រជាជន ហើយក៏ជាកន្លែងផ្សារភ្ជាប់រវាងយុវជននិងនិយោជកផងដែរ។ ពិព័រណ៍​នេះទៀតសោត ក៏ជាឱកាសសម្រាប់យុវជន ផ្សារភ្ជាប់ខ្លួនជាមួយក្រុមហ៊ុន ស្ថាប័ន គ្រឹះស្ថាន​បណ្តុះបណ្តាល ដែលអាចឱ្យពួក​គេស្វែងរក​ការងារដែលត្រូវជំនាញ និងសមត្ថភាព ហើយក៏ជា​ឱកាសផ្សារភ្ជាប់ជំនាញនិងទីផ្សារការងារ។

សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ ព្រឹត្តិការណ៍នេះ គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ និងជាពិសេសសិស្សជំនាញបច្ចេកទេស ​និងវិជ្ជាជីវៈ (ធីវ៉េត) ក្នុងការស្វែងរកឱកាសការងារត្រូវនឹងជំនាញ។ លើសពីនេះទៀត ក៏ជាឱកាសតភ្ជាប់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្ម រួមទាំងពលករត្រឡប់ពីក្រៅប្រទេស ឱ្យជួបជាមួយនិយោជកផ្ទាល់ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia