ព័ត៌មាន
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។ ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។ សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។
មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ JCA បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕









-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា