Connect with us

ព័ត៌មាន

ខណ្ឌដូនពេញត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ភ្នំពេញ៖ ខណ្ឌដូនពេញត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធរៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកកម្ពុជា។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ឬខណ្ឌដែលមានការអនុវត្តគំរូ និងមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ព្រមទាំងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ គោលបំណងសំខាន់ គឺដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋអ្នកបម្រើការងារ និងភ្ញៀវទេសចរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ផ្លូវថ្មើជើងចតុមុខ មានភ្ញៀវទេសចរណ៍មកដើរលេងកំសាន្តប្រមាណ ២០ម៉ឺននាក់នាចុងសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកផ្លូវថ្មើជើងចតុមុខធ្វើជាតំបន់គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីយ៉ាងពិតប្រាកដ ហើយរដ្ឋបាលរាជធានីភ្នំពេញ និងបន្តជាទីក្រុងគ្មានផ្សែងបារី ដូច្នេះខណ្ឌសង្កាត់ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបង្កឡើងពីផ្សែងបារី។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។ ការងារនេះមិនចប់ប៉ុណ្ណឹងទេ យើងនឹងបន្តរៀបចំឱ្យមានតំបន់ផ្សេងទៀតជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះ ជាគំរូ ជាកម្លាំងចលករសម្រាប់ខណ្ឌផ្សេងទៀតបន្តរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារីបន្តទៀត។ រាជធាភ្នំពេញគឺជាច្រកទ្វារ ទទួលភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយក្នុងនោះខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើន ដែលមានទាំងរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើជើងចតុមុខជាដើម។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ហើយជ័យលាភីខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីមិនគួរត្រូវបានចាត់ទុកត្រឹមតែជាការទទួលស្គាល់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួម ដើម្បីបន្តរក្សា និងពង្រឹងបរិយាកាសទេសចរណ៍គ្មានផ្សែងបារី ប្រកបដោយសុវត្ថិភាព សុខភាព និងភាពទាក់ទាញ។

ឯកឧត្តម ហួត ហាក់ បន្ថែមថា ការឱ្យពិន្ទុរបស់ផ្លូវថ្មើជើងចតុមុខ Chaktomok Walk street រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានចូលទៅក្នុងលំដាប់ដែលគេហៅថា លំដាប់លេខ២ ក្នុងចំណោមផ្លូវវ៉កស្ទ្រីត Walk street ទាំង១០ ដ៏ល្បីល្បាញនៅលើពិភពលោកដោយសារទាំងទីតាំង ទាំងបរិស្ថាន ទាំងសោភ័ណភាព ទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយជាពិសេសទៅទៀត សម្រាប់ជាសក្ខីភាពនៃការចូលរួមអបអរសាទរ និងការទទួលស្គាល់ខណ្ឌដូនពេញជាទីក្រុងទេសចរណ៌ដែលគ្មានផ្សែងបារីផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស បានថ្លែងថា ខណ្ឌដូនពេញគឺជាបេះដូងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ជាទីកន្លែងដែលវប្បធម៌ ពាណិជ្ជកម្ម រដ្ឋាភិបាល សេវាកម្មបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍រួមបញ្ចូលគ្នា។ ទីនេះគឺជាកន្លែងដែលភ្ញៀវទេសចរជាច្រើនទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុតអំពីប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋអ្នកធ្វើការ និងភ្ញៀវទេសចររួមរស់ និងប្រើប្រាស់ផ្លូវថ្នល់ ផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ និងទីសាធារណៈរួមគ្នា។ ខណ្ឌដូនពេញកំពុងផ្ញើសារដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏សំខាន់ថា មនុស្សគ្រប់រូបគួរតែរីករាយជាមួយបេះដូងនៃរាជធានី ដោយមិនបានប្រឈមនឹងការស្រូបផ្សែងបារីពីគេ។ នេះគឺជាការជ្រើសរើសដើម្បីឱ្យមានខ្យល់អាកាសបរិសុទ្ធ ទីសាធារណៈប្រកបដោយសុខភាពល្អ និងបទពិសោធន៍ទេសចរណ៍ដែលផ្តល់អាទិភាពដល់ភ្ញៀវទេសចរ ប្រជាជនជាចម្បង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia