Connect with us

ព័ត៌មាន

គណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Huawei

ខេត្តក្វាងទុង៖ គណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Huawei ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង ក្នុងគោលបំណង សិក្សា ស្វែងយល់អំពីការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយ ការធ្វើបរិវត្តកម្មឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតនាំមុខគេមួយ លើពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅមូលដ្ឋាន ក្រុមហ៊ុន Huawei (Huawei Dongguan Campus) ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង ទស្សនកិច្ចនាឱកាសនោះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណង ដើម្បីសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពី ការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយការធ្វើបរិវត្តកម្មឌីជីថលនិង ដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយលើពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលទស្សនាសាលពិព័រណ៍ Descartes Exhibition Hall ដែលជាមជ្ឈមណ្ឌលបង្ហាញបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងដំណោះស្រាយឌីជីថលជាន់ខ្ពស់របស់ Huawei និងបានពិនិត្យ សិក្សា អំពីបច្ចេកវិទ្យាទំនាក់ទំនងទូរគមនាគមន៍ជំនាន់ថ្មី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដំណោះស្រាយសេវា Cloud ហេដ្ឋារចនាសម្ព័ន្ធទីក្រុង វៃឆ្លាត និងបច្ចេកវិទ្យាថាមពលបៃតង សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មឌីជីថល។

ក្នុងថ្ងៃដ៏ដែលនេះដែរ, គណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើដំណើរទស្សនាតាមរថភ្លើងពិសេស (VIP Train Tour) ដើម្បី ពិនិត្យមើលការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបប្រកបដោយចីរភាព និង បរិស្ថានបៃតង នៅក្នុងបរិវេណក្រុមហ៊ុន Huawei។ ដំណើរទស្សនានេះ គណៈប្រតិភូបានបន្តដំណើរទៅកាន់សាកលវិទ្យាល័យ Huawei ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីពិភាក្សា និងស្វែង យល់អំពីការបណ្តុះបណ្តាលជំនាញឌីជីថល សម្រាប់រៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបទៅនឹងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។

ទស្សនកិច្ចការទូតសេដ្ឋកិច្ចនាឱកាសនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទូលាយទទួលយក បច្ចេកវិទ្យានវានុវត្តន៍ និងការទាក់ទាញវិនិយោគិនលំដាប់អន្តរជាតិ ដើម្បីរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែ មានសន្ទុះខ្លាំងក្លា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia