Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវត្តមាន​ប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅ​កម្ពុជា​នឹង​ជំរុញ​មិត្ត​ភាព​ប្រទេស​ទាំង​ពីរ​ឱ្យកាន់តែរឹងមាំបន្ថែមទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់​ទុក​វត្ត​មាន​របស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះថា ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុ​ងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន​សាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ភាគី​ទាំង​ពីរ​បានជជែកគ្នាទៅលើទំនាក់ទំនងទ្វេភាគី និងចែករំលែកនូវ​ទស្សនៈ​ជុំវិញ​បញ្ហា​តំបន់​មួយ​ចំនួន​ផងដែរ។

សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅ​ពេលនេះ ថាជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និង​មីយ៉ាន់ម៉ា​ឲ្យ​កាន់​តែរឹ​ង​មាំបន្ថែមទៀត។ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំង​ពីឆ្នាំ១៩៥៥មក ហើយនៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃ​ការ​បង្កើត​ទំនាក់ទំនងការទូត ដោយបានរៀបចំសកម្មភាព ជាច្រើន ដើម្បីជំរុញទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុង​ជំនួបនេះ ឯកឧត្តម មីន អោង ឡាំង បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍ និង​វឌ្ឍន​ភាព​របស់កម្ពុជា ជាពិសេស ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ឯកឧត្តម បានលើក​ឡើង​ថា ​ការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ បើ​ប្រៀប​ធៀប​នឹង​ពេល​ដែល​ឯកឧត្តមបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំងពីរ ក៏បាន​ឯកភាព​គ្នា​ថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការចូល​រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិ​ប្រតិបត្តិ និងនីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើន។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងចង់ឃើញ ទំហំពាណិជ្ជកម្ម រវាង​កម្ពុជា និងមីយ៉ាន់ម៉ា កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ខណៈឆ្នាំ២០២៥ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ មានប្រមាណជាង៣៥លានដុល្លារអាម៉េរិក។ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏​បាន​បង្ហាញការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅវិនិយោគនៅ មីយ៉ាន់ម៉ាកាន់តែច្រើន ខណៈ​ភាគីកម្ពុជាក៏មានបំណងជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅ​វិញ​ទៅ​មក​។

ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា ក៏បានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការបង្កើតក្របខណ្ឌ សមាគមបណ្តាប្រទេសនាំចេញអង្ករ ដោយចាត់ទុកថា ជា​គំនិតផ្តួចផ្តើមមានសារៈសំខាន់ ហើយភាគីទាំងពីរ នឹងបន្ត​ពិភាក្សា និង​សហការ​គ្នា​បន្ថែម​ទៀត​។ ​ក្រៅពីនេះប្រទេសទាំងពីរ ក៏បានបង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងទេសចរណ៍ ដោយសារកម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនង ប្រវត្តិសាស្ត្រ វប្បធម៌ និង​ព្រះពុទ្ធសាសនា ស្រដៀងគ្នា ព្រមទាំងមានបំណង ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឱ្យ​កាន់តែសកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ ក្នុង​ជំនួប ដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហា តំបន់​មួយ​ចំនួន​រួម​ទាំង​បញ្ហា​ព្រំដែន រវាងកម្ពុជា និងថៃផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia