Connect with us

ព័ត៌មាន

កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ដើម្បី ​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌។

នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤៖

១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ ៖ វីរះ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia