Connect with us

ព័ត៌មាន

ប្រាសាទព្រះវិហារ រងការខូចខាតធ្ងន់ធ្ងរ ត្រូវការជំនួយបន្ទាន់សម្រាប់ការស្តារ និងអភិរក្ស

ព្រះវិហារ៖ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយប្រដាប់អាវុធពីភាគីថៃកន្លងមក។ មន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានរកឃើញស្លាកស្នាមប្រេះបែក និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធប្រាសាទសរុបចំនួន ៥៦២ទីតាំង ខណៈបំណែកថ្មប្រាសាទជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការស្តារ និងជួសជុលឡើងវិញ។

លោក អ៊ា ដារិទ្ធ ប្រធានផ្នែកអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ការវាយប្រហារដោយប្រដាប់អាវុធចំនួនពីរលើកកន្លងមក បានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារទាំងមូលចំនួន ៥៦២ទីតាំង។

លោកបន្តថា បំណែកថ្មប្រាសាទជាង ៧ម៉ឺនដុំ ត្រូវបានប្រមូលរក្សាទុកសម្រាប់ការអភិរក្ស ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត ខណៈការប្រមូលបំណែកថ្មក្នុងដំណាក់កាលទី២ កំពុងដំណើរការ។

តាមការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិ នៃអង្គការ UNESCO និង ICOMOS ប្រាសាទព្រះវិហារបានរងការខូចខាតក្នុងកម្រិតធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារ និងស្តារប្រាសាទឱ្យបានទាន់ពេលវេលា។

ចំណែក លោកឧត្តមសេនីយ៍ត្រី អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៦ នៃអង្គភាព CMAC បានឱ្យដឹងថា បច្ចុប្បន្ន តំបន់ប្រាសាទព្រះវិហារមានសុវត្ថិភាពសម្រាប់ក្រុមការងារអភិរក្ស ដោយក្រុមជំនាញបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរួចរាល់ហើយ។

លោកបញ្ជាក់ថា អង្គភាព CMAC បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ពាន់គ្រាប់ នៅលើតំបន់ប្រាសាទព្រះវិហារ។ ក្នុងចំណោមនោះ ប្រមាណ ៦០ ទៅ ៧០ភាគរយ ត្រូវបានកំណត់ថាជាគ្រាប់បែកចង្កោម។ ក្រៅពីនេះ ក្រុមការងារ CMAC ក៏បានរកឃើញ ដ្រូនទម្លាក់គ្រាប់ចំនួន ៤គ្រឿង និងគ្រាប់ដែលត្រូវបានទម្លាក់ពីលើយន្តហោះចំនួន ២គ្រាប់ ផងដែរ។

ដោយសារស្ថានភាពខូចខាតធ្ងន់ធ្ងរ កម្ពុជាត្រូវការជំនួយថវិកាជាបន្ទាន់ ដើម្បីអនុវត្តការស្តារ ជួសជុល និងអភិរក្សប្រាសាទព្រះវិហារឡើងវិញ។ អាជ្ញាធរជាតិព្រះវិហារ និងក្រុមអ្នកជំនាញកំពុងបន្តការងារអភិរក្ស និងប្រមូលបំណែកសំណង់ ដើម្បីត្រៀមសម្រាប់ការស្តារ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia