ព័ត៌មាន
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ និងចាត់តាំងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃក្រុមការងារអន្តរាគមន៍ចុះជួយបូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជានុរាស្ត្ររបស់ព្រះអង្គដែលកំពុងរងការគំរាមកំហែងដោយគ្រោះរាំងស្ងួត និងការខ្វះខាតទឹកស្រោចស្រព ។
ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ បាននិងកំពុងធ្វើឡើងនៅក្នុងស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំពោះមុខផ្ទៃដីស្រែរងគ្រោះប្រមាណជិត២ពាន់ហិកតា ហើយត្រូវបានសង្គ្រោះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជុំវិញព្រះរាជសកម្មភាពសង្គ្រោះនេះ គឺធ្វើឡើងក្រោមព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានព្រះរាជទានម៉ាស៊ីនបូមទឹកចំនួន ១៩គ្រឿង ដាក់ពង្រាយនៅតាមប្រភពទឹក និងប្រឡាយមេនានា ដែលជាគោលដៅរងគ្រោះចំនួន២ស្រុក និង៥ឃុំ គឺស្រុកគងពិសី៤ឃុំ គឺឃុំព្រះនិព្វានចំនួន ១គ្រឿង ឃុំវាលចំនួន ៣គ្រឿង ឃុំជង្រុក ១គ្រឿង ឃុំស្នំក្រពើចំនួន ២គ្រឿង និងស្រុកសំរោងទងមួយឃុំ គឺឃុំវល្លិ៍សចំនួន៩គ្រឿង ដើម្បីបូមទឹកបញ្ចូលទៅក្នុងស្រែរបស់ប្រជាកសិករឱ្យបានទាន់ពេលវេលាការពារមិនឱ្យស្រូវវស្សាត្រូវក្រៀមស្វិត ឬខូចខាត។
ឯកឧត្តម បានបន្ថែមថា ព្រះរាជសកម្មភាព នៃព្រះរាជតំណាងបានស្តែងឱ្យឃើញនូវព្រះរាជហឫទ័យគិតគូរជាប្រចាំ ចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ ដែលកំពុងប្រឈមនិងផលប៉ះពាល់នៃគ្រោះធម្មជាតិ។
ជាមួយនិងតំណាងព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តមរបស់សម្តេចមហាមន្ត្រី គុយ សុផល អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរ ប្រជានុរាស្ត្រដែលកំពុងប្រឈមនិងផលប៉ះពាល់ក្នុងឃុំទាំង៥ នៃស្រុកទាំងពីរ បានសម្តែងការត្រេកអរ ចំពោះទឹកព្រះទ័យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានម៉ាស៊ីនបូមទឹក និងចាត់តាំងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃក្រុមការងារអន្តរាគមន៍របស់ព្រះអង្គចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជានុរាស្ត្ររបស់ព្រះអង្គទាន់ពេលវេលា និងបានជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួលនិងរបាយទឹកភ្លៀងមិនស្មើគ្នានេះ ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»