Connect with us

ព័ត៌មាន

កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ

ភ្នំពេញ៖ គ្រាប់បែកចង្កោម កំពុងគំរាមគំហែងដល់អាយុជិវិតប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាចាំបាច់ត្រូវការថវិកាប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ក្រោយពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងរយៈពេលពីរលើក កាលពីឆ្នាំ២០២៥កន្លងទៅ។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបញ្ជាក់ថា កម្ពុជាត្រូវថវិកាប្រមាណ ១ពាន់លានដុល្លារអាមេរិ ដើម្បីធ្វើបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ថៃដែលបានបាញ់ផ្លោងមកលើប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាមឈ្លានពានកាលពីឆ្នាំទៅ។

ឯកឧត្តមបន្តថា នៅលើដីដែលរងផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌទាំងនោះ កម្ពុជាអាចនឹងចំណាយថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិក និងត្រូវការពេលវេលាជាង ១០ឆ្នាំ ដើម្បីបោសសម្អាតគ្រាប់យុទ្ធភណ្ឌរបស់សៀមក្នុងសង្រ្គាមឈ្លានពាន។ កិច្ចការនេះ នឹងក្លាយជាបន្ទុកបន្ថែមទៀត លើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្រ្គាមកាលពីអតីកាល។

ឯកឧត្តមអះអាងថា ប្រសិនបើ មានថវិកាគ្រប់គ្រាន់អង្គភាព ស៊ីម៉ាក់ អាចមានលទ្ធភាពធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ បានចន្លោះពី ៣៥០ ទៅ ៤០០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំ។ ប៉ុន្តែ បច្ចុប្បន្ន អង្គភាព ស៊ីម៉ាក់ អាចប្រតិបត្តិការបោសសម្អាតបានតែចន្លោះពី ២០០ ទៅ ២៥០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំប៉ុណ្ណោះ។ ក្នុងសង្គ្រាមឈ្លានពានកម្ពុជាក្នុងឆ្នាំ២០២៥ ទាហានថៃបានបាញ់គ្រាប់បែកចង្កោមតាមរយៈគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រចំនួនចន្លោះពី ១២០.០០០ ទៅ ១៣០.០០០ គ្រាប់ ដែលផ្ទុកកូនគ្រាប់បែកចង្កោមចន្លោះពី ៦ ទៅ ៧លានគ្រាប់ និងបានប៉ះពាល់លើផ្ទៃទីជាង ២៩០.០០០ហិចតា៕អត្ថបទ៖ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia