ព័ត៌មាន
គណៈកម្មការផ្សះផ្សានៃអនុសញ្ញា UNCLOS កំពុងបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជា និងថៃនៅថ្ងៃទី១៤ខែកញ្ញានេះ នៅក្នុងប្រទេសសិង្ហបុរី ខណៈកិច្ចប្រជុំនេះ នឹងមានការផ្សព្វផ្សាយ ជាសាធារណៈជា ៣ភាសា
ភ្នំពេញ៖ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយសុន្ទរកថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជាដោយមានការផ្សព្វផ្សាយជាសាធារណៈជា ៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។ នេះបើតាមការបញ្ជាក់ឡើងវិញរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះគឺជាជំហានសំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការផ្សះផ្សា ដែលមានសមាជិក ៥រូបដែលសុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិត្រូវបានជ្រើសរើស ក្នុងនោះអ្នកជំនាញ ២រូបជ្រើសរើសដោយភាគីកម្ពុជា ២រូបទៀតដោយភាគីថៃ និងបន្ទាប់មកអ្នកទាំង ៤ ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។
ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា កម្ពុជា បានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី (MOU-2001) ដែលជាមូលដ្ឋានសម្រាប់ការចរចាអំពីការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ទសវត្សរ៍កន្លងទៅ បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើថៃកុំឱ្យលុបចោលកិច្ចព្រមព្រៀងនេះក៏ដោយ។
ឯកឧត្តមបន្តថា ដោយឈរលើមូលដ្ឋាននៃគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើកដំបូងបង្អស់បានទទួលជោគជ័យក្នុងការដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី។ តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីព្រំដែនសមុទ្រដោយសន្តិវិធី នៅឆ្នាំ២០១៨។ ដូច្នេះ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅពេលនេះ គឺជាករណីទី២ ក្នុងប្រវត្តិសាស្រ្តរបស់ UNCLOS។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចារវាងកម្ពុជា និងថៃ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ សម្តេចធិបតីធ្លាប់បានបញ្ជាក់ថា ទោះបីជាយន្តការនេះត្រូវការពេលវេលា ប៉ុន្តែ វាគឺជាជម្រើសល្អបំផុត ប្រសើរជាងការច្បាំងគ្នាដែលធ្វើឱ្យមនុស្សស្លាប់ ហើយទីបំផុតដោះស្រាយបញ្ហាមិនបាន និងត្រូវវិលទៅរកការចរចាដដែល។
ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជាបានទទួលការគាំទ្រពីគ្រប់ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងក្រសួង ស្ថាប័ននានាដែលចំណុះឱ្យរាជរដ្ឋាភិបាល ជាពិសេសពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ជាក់ស្តែង ភ្លាមៗក្រោយពីការប្រកាសរបស់សម្តេចធិបតី ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាស្ថាប័នផ្សេងទៀត រួមទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេសបានចេញញ្ញត្តិគាំទ្រពេញទំហឹង ដោយញ្ញត្តិទាំងនោះបានបង្ហាញភាពជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយចាប់បង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ចំពោះមុខយន្តការអន្តរជាតិ។ ជម្រើសនេះក៏ជាការចង់បានរបស់អ្នកដែលគោរពនិងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកនៅគ្រប់ទិសទី។
ឯកឧត្តមថ្លែងថា៖«ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី និងនៅតែមានតម្លៃមិនអាចខ្វះបាន»៕

-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»