ព័ត៌មាន
ស្ពានទ័ពបេតិកភណ្ឌមានអាយុកាលជាង៨០០ឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥
ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក គឺជាស្ពានបុរាណដ៏សំខាន់មួយនៃអរិយធម៌ខ្មែរ ដែលត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងស្រែង នៅលើបណ្តាញផ្លូវបុរាណតភ្ជាប់ពីរាជធានីអង្គរទៅកាន់ក្រុងវិមាយបុរៈ ឬប្រាសាទភិមាយបច្ចុប្បន្ន ស្ដិតក្នុងខេត្តឧត្តរមានជ័យ។ ស្ពាននេះមិនត្រឹមតែជាសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពដ៏រស់រវើកនៃវិស្វកម្ម ប្រព័ន្ធគមនាគមន៍ និងភាពរីកចម្រើននៃអាណាចក្រខ្មែរនាសម័យអង្គរ។ នេះបើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តមបានថ្លែងថា ស្ពានទ័ពត្រូវបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ហើយត្រូវបានចាត់ទុកថាជាស្ពានបុរាណដ៏ធំ និងវែងបំផុតមួយដែលសាងសង់ក្នុងរជ្ជកាលព្រះអង្គ។ ស្ពានមានប្រវែងប្រមាណ ១៥០ម៉ែត្រ កម្ពស់ប្រមាណ ១០ម៉ែត្រ ទទឹង ១៦,៤០ម៉ែត្រ និងមានប្រហោងទ្វារស្ពាន ឬ «រន្ធតាដេវ» ចំនួន ២៨ប្រឡោះ។
ជាអកុសល បេតិកភណ្ឌដែលបានឈរឆ្លងកាត់ពេលវេលាអស់រយៈពេលជាង ៨០០ឆ្នាំ នេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជានៅចុងឆ្នាំ២០២៥។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ពានទ័ពបានរងការវាយប្រហារដោយគ្រាប់បែកប្រភេទ MK-82 ដែលត្រូវបានរាយការណ៍ថាទម្លាក់ពីយន្តហោះ F-16 របស់កងទ័ពថៃ នៅចំនួនពីរទីតាំង គឺត្រង់ក្បាលស្ពានខាងជើង និងខាងត្បូង។ ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃស្ពានចំនួន ៦៨កន្លែង។
អ្វីដែលគួរឱ្យសោកស្តាយជាងនេះ គឺការខូចខាតបានកើតឡើងលើបេតិកភណ្ឌដែលកម្ពុជាបានខិតខំអភិរក្ស និងជួសជុលជាបន្តបន្ទាប់អស់រយៈពេលជាងមួយទសវត្សរ៍។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុវត្តការជួសជុលស្ពានទ័ពចំនួន ៨ដំណាក់កាល។ កិច្ចខិតខំប្រឹងប្រែងអភិរក្សនេះត្រូវបានរំខានដោយសង្គ្រាមឈ្លានពាននៅចុងឆ្នាំ២០២៥ ហើយការខូចខាតថ្មីបានធ្វើឱ្យស្ថានភាពរចនាសម្ព័ន្ធស្ពានកាន់តែផុយស្រួយ។
បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងពិនិត្យលទ្ធភាពបន្តការងារអភិរក្ស និងជួសជុលឡើងវិញ ខណៈផ្នែកសំខាន់ៗមួយចំនួននៃស្ពានបានទ្រុឌទ្រោមកាន់តែខ្លាំង ដោយសារទាំងផលប៉ះពាល់ពីលំហូរទឹក និងការខូចខាតដែលបង្កឡើងដោយការផ្ទុះគ្រាប់បែក។
សង្គ្រាមឈ្លានពានអាចបញ្ចប់ ប៉ុន្តែស្លាកស្នាមដែលសង្គ្រាមបន្សល់ទុកលើបេតិកភណ្ឌស្ថិតនៅរាប់សតវត្សរ៍។ ស្ពានទ័ពមិនមែនគ្រាន់តែជាសំណង់ថ្មមួយខ្សែនោះទេ។ វាជាសក្ខីភាពនៃអរិយធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលត្រូវការការការពារ និងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕








-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល