Connect with us

ព័ត៌មាន

កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ

ភ្នំពេញ៖ កិច្ចប្រជុំ​បិទទ្វារ​របស់​គណៈកម្មកា​​រ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធាន​គណៈ​កម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណ​រដ្ឋ​សិង្ហបុរី​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បាន​អញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

សូម​ជម្រាបថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅ​ក្នុង​ប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយ​សុន្ទរកថា បើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោង​នៅ​កម្ពុជា។ សុន្ទរកថា បើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារ​កម្ពុជា​ដោយ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈជា ៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន ​ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ច​ប្រជុំនេះ គឺជាជំហានសំខាន់មួយទៀត ក្នុង​ដំណើរ​កា​រ​ដោះ​ស្រាយ​ទំនាស់​ដែន​សមុទ្រ​ប្រទេសទាំ​ង​ពីរ​បន្ទាប់​ពីគណៈកម្មការផ្សះផ្សា ដែលមានសមាជិក ៥រូបដែលសុទ្ធសឹង​ជា​អ្នក​ជំនាញ​ច្បាប់​សមុទ្រ​អន្តរជាតិត្រូ​វបានជ្រើសរើស ក្នុងនោះអ្នកជំនាញ ២រូបជ្រើសរើសដោយភាគីកម្ពុជា ២​រូប​ទៀត​ដោយ​ភាគីថៃ និងបន្ទាប់មកអ្នកទាំង ៤ ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មក​ធ្វើ​ជា​ប្រធានគណៈកម្មការផ្សះផ្សា។

កម្ពុជា បានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃ​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃ​បាន​បញ្ចប់​ជា​ឯកតោ​ភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី (MOU-2001) ដែលជាមូលដ្ឋាន​សម្រាប់​ការ​ចរចា​អំពី​ការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ទសវត្សរ៍​កន្លង​ទៅ ​បើទោះបីជាកម្ពុជាបានសម្តែងការសោកស្តាយ និងបានស្នើ​ថៃ​កុំឱ្យ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​ដោយ​។

ដោយឈរលើមូលដ្ឋាននៃគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ៕ រូប AKP

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia