ព័ត៌មាន
សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងរយៈពេលដូចគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប២.០០៥នាក់ ស្រី៣២០នាក់ មាន៣២សញ្ជាតិ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams មាន៥៧៤នាក់ ស្រី១១នាក់ ស្មើនឹង១១សញ្ជាតិ។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ដោយបណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន៣លើក សរុប៤៧៣នាក់ ស្រី២០នាក់ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams ២២៨នាក់។
នៅក្នុងខែសីហាដដែលនោះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣.៦៥៧ទីតាំង មានមនុស្សសរុប១៧.៨៣៤នាក់ និងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ សមត្ថកិច្ចបានពិនិត្យឃាត់យានយន្តដែលសង្ស័យ សរុបចំនួន ២៦៩លើក មនុស្សចំនួន ២.៧៦៣នាក់។ ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងគ្រាដែលកម្លាំងមានសមត្ថកិច្ច បាននិងកំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាតបទល្មើសនេះដោយមិនដកដៃ។
គូសបញ្ជាក់ដែរថា ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល ក្នុងនោះផាកពិន័យតាមមាត្រា១៩ សរុបទឹកប្រាក់ ១.២០០.០០០រៀល និង ផាកពិន័យតាមមាត្រា២០សរុបទឹកប្រាក់ ៨២១.០៤០.០០០ រៀល។
អនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មាត្រា១៩ នៃអនុក្រឹត្យ បានកំណត់ថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។
ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន៕

-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព