Connect with us

ព័ត៌មាន

អនុប្រធានទី១ អាជ្ញាធរមីន៖ ជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងជាដៃគូសកម្មក្នុងការគាំទ្រសកម្មភាពមីនសកល

(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Daisuke Namioka អនុតំណាងអចិន្ត្រៃយ៍នៃតំណាងប្រទេសជប៉ុនប្រចាំសន្និសីទនិព្វាវុធកម្ម នៅទីក្រុងហ្សឺណែវ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងជាពិសេស វិស័យសកម្មភាពមីន ដោយចាត់ទុកជប៉ុនជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបានរំលឹកពីការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជា ក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដែលបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពិភពលោកគ្មានមីន។

ពាក់ព័ន្ធនឹងគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការគាំទ្រយ៉ាងពេញលេញចំពោះគោលដៅមនុស្សធម៌ និងការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ទោះបីកម្ពុជាគ្រាន់តែជារដ្ឋអង្កេតការណ៍ ព្រមទាំងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់របស់អាវុធទាំងនេះលើប្រជាជនស៊ីវិល។

ជាការឆ្លើយតប លោក Daisuke Namioka បានបញ្ជាក់ពី ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន និងការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រកម្ពុជា តាមរយៈការអនុវត្ត គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ព្រមទាំងបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia