ព័ត៌មាន
ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងទិន្នន័យ និងការវិភាគប្រជាជន ដើម្បីគាំទ្រការរៀបចំ និងអនុវត្តគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា។
ក្នុងឱកាសនេះ លោកស្រី Sandra Bernklau បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រថ្មីរបស់ UNFPA ដែលយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាប្រជាជន ទិន្នន័យ និងការគាំទ្រប្រទេសនានាឱ្យត្រៀមខ្លួនសម្រាប់ការប្រែប្រួលប្រជាសាស្ត្រ។ លោកស្រីក៏បានលើកឡើងពីការងាររួមលើការព្យាករប្រជាជន គណនីផ្ទេរថ្នាក់ជាតិ និងការត្រៀមរៀបចំជំរឿនប្រជាជនឆ្នាំ២០២៩ ព្រមទាំងឱកាសសហការរៀបចំឯកសារវិភាគ ដើម្បីគាំទ្រការសម្រេចចិត្តផ្នែកគោលនយោបាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យថ្មី ដែលមានគុណភាព និងអាចជឿទុកចិត្តបាន ហើយត្រូវយកទិន្នន័យទាំងនោះទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារបច្ចេកទេសសហការជាមួយ UNFPA ប្រើប្រាស់លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដើម្បីរៀបចំការព្យាករប្រជាជនឱ្យបានច្បាស់លាស់ ស្របតាមស្តង់ដារអន្តរជាតិ។ ការងារនេះមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីល្បឿននៃការឈានទៅរកសង្គមវ័យចាស់ និងការកំណត់វិធានការឆ្លើយតបក្នុងរយៈពេលខ្លី មធ្យម និងវែង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ឱ្យសិក្សាបទពិសោធន៍របស់ប្រទេសដែលបានសម្របខ្លួនប្រកបដោយជោគជ័យទៅនឹងកំណើនប្រជាជនវ័យចាស់ ដើម្បីជាមូលដ្ឋានសម្រាប់កែសម្រួលគោលនយោបាយឱ្យសមស្របនឹងបរិបទកម្ពុជា។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិធានការគាំទ្រគ្រួសារ និងការថែទាំកុមារ រួមទាំងគម្រោងរៀបចំកន្លែងថែទាំកុមារនៅក្រសួងផែនការ។ ជាមួយគ្នានេះ លោកស្រី Sandra Bernklau បានស្នើឱ្យពិចារណាសិក្សាបន្ថែមអំពីតម្រូវការ និងឧបសគ្គរបស់យុវជនក្នុងការបង្កើតគ្រួសារ និងការមានកូន ដើម្បីឱ្យវិធានការគាំទ្រឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ចំពោះការងារបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារគណនីផ្ទេរថ្នាក់ជាតិ (NTA) និងគណនីផ្ទេរពេលវេលាថ្នាក់ជាតិ (NTTA) ហើយបានស្នើសុំការគាំទ្រពីអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ។ លោកស្រី Sandra Bernklau បានជម្រាបថា សំណើគម្រោងតំបន់សម្រាប់គាំទ្រការងារនេះនៅកម្ពុជា ឡាវ និងវៀតណាម កំពុងស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយ ដោយគ្រោងផ្តល់ជំនួយបច្ចេកទេស និងឱកាសផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងបី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យ UNFPA សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ពិនិត្យទិដ្ឋភាពបច្ចេកទេស និងលទ្ធភាពហិរញ្ញវត្ថុសម្រាប់ជំរឿនប្រជាជនឆ្នាំ២០២៩។




-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល