Connect with us

ព័ត៌មាន

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតីនិងព្រលឹងនៃការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម

(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ – ក្នុងឱកាសចូលរួម កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស–សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC) ។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់ នាយិកា ICBL-CMC ថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារលើស្មារតីនិងព្រលឹងនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងជាការថយក្រោយចំពោះការប្តេជ្ញាចិត្តជាសកលក្នុងការប្រឆាំងនឹងអាវុធដ៏គ្រោះថ្នាក់នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សកម្មភាពនេះមិនត្រឹមតែបង្កការគំរាមកំហែងថ្មីដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងការតស៊ូមតិរបស់ ICBL-CMC ក្នុងការលុបបំបាត់គ្រាប់បែកចង្កោមទូទាំងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យ ICBL-CMC បន្តបង្កើនការតស៊ូមតិ និងបញ្ចេញសំឡេងប្រឆាំងយ៉ាងច្បាស់លាស់ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅគ្រប់ទីកន្លែង ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងរក្សាស្មារតីមនុស្សធម៌នៃអនុសញ្ញា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia