Connect with us

ព័ត៌មាន

ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានបង្ហាញ ការប្ដេជ្ញាចិត្ត បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រសូមសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបាននូវការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាវត្តមានរបស់លោកជំទាវនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងឱកាសនោះលោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកជំទាវបានចូលជួប និងជូនសារតាំងលាឱកាសនេះ។ លោកជំទាវបាន

ប្តេជ្ញាចិត្តថាក្នុងអាណត្តិរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវបានលើកឡើងទៀតថា ក្នុងបេសកកម្មរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវ

វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបានសម្ដែងនូវ

ការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសសម្ដេចបានពេញចិត្តទៅលើការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។

សម្ដេចតេជៅ ចាត់ទុកថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនេះឯង គឺជាចំណុចស្នូលនៃទំនាក់ទំនោងរវាងប្រទេសទាំងពីរ សម្ដេចក៏ពេញចិត្តផងដែរ ចំពោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលមានការកើនឡើងជាបន្តបន្ទាប់។ អាល្លឺម៉ង់ គឺជាប្រទេសមួយ ជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជកម្មនៅក្នុងតំបន់អឺរ៉ុប ដែលកន្លងទៅទំហំពាណិជកម្មរវាងប្រទេសទាំងពីរគឺមានរហូតដល់៣ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

ជាចុងក្រោយ សម្ដេចតេជោបានជូនពរលោកជំទាវ ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មការងារនៅកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia