ព័ត៌មាន
កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិក្នុងកិច្ចការពារស្រទាប់អូហ្សូន
កម្ពុជាបានចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងនាមជាសមាជិក នៃពិធីសារអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាពលរដ្ឋ។ នេះបើតាមសារលិខិតរបស់ក្រសួងបរិស្ថាន អបអរសាទរទិវាអូហ្សូនពិភពលោក ១៦កញ្ញា ឆ្នាំ២០២៦។
សារលិខិតដដែលបានបន្តថា កម្ពុជាចូលរួមជាមួយសហគមន៍ ពិភពលោកក្នុងការប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៤១ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៩ នៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូនឆ្នាំ១៩៨៧ និងជាខួបលើកទី១០ នៃវិសោធកម្មទីក្រុងគីហ្គាលីឆ្នាំ២០១៦។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូន នៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធ «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជា អបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់ អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឧទាហរណ៍ដ៏វិសេសវិសាលមួយ ដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោបាយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហា ប្រឈមបរិស្ថានជាសកល។
អនុសញ្ញាទីក្រុងវីយែន ពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មទីក្រុងគីហ្គាលី ត្រូវបានទទួលស្គាល់ថា ជាគំរូដ៏ជោគជ័យបំផុតមួយនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើវិទ្យាសាស្ត្រ ការចូលរួមជាសកល ការអនុវត្តប្រកបដោយប្រសិទ្ធភាព ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភាពជាដៃគូអន្តរជាតិដ៏រឹងមាំ។ តាមរយៈយន្តការទាំងនេះ ប្រទេសនានាបានរួមគ្នាការពារស្រទាប់អូហ្សូន ក្នុងនោះសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ជាច្រើនប្រភេទត្រូវបានកាត់បន្ថយ និងលុបបំបាត់ជាបន្តបន្ទាប់ និងជំរុញការផ្លាស់ប្តូរ ទៅប្រើប្រាស់បច្ចេកវិទ្យា និងសារធាតុជំនួសដែលមានសុវត្ថិភាព និងចីរភាព ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ការប្រារព្ធទិវាអូហ្សូនពិភពលោកនាឱកាសនេះ ក៏ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី សំដៅការពារបរិស្ថាន ជីវៈចម្រុះ សុខភាពសាធារណៈ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ក្នុងការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែនការអនុវត្ត វិសោធនកម្មទីក្រុងគីហ្គាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តដាក់ឱ្យអនុវត្ត ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើអាកាស ត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត។ តាមរយៈយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីលើកកម្ពស់ភាពស្អាតលើអាកាស ដោយបានបំពាក់ឧបករណ៍ ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស និងបានផ្សព្វផ្សាយស្ថានភាពគុណភាពខ្យល់ នៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ ដើម្បីសាធារណជនទទួលបានព័ត៌មាន និងមានវិធានការការពារ សុខភាពក្នុងករណីចាំបាច់។ លើសពីនេះ ការចាត់វិធានការទប់ស្កាត់ កាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជាំង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពបំពុល ចល័ត និងអចល័តត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមអនុវត្ត កាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ នឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាពលរដ្ឋ។
ការប្រារព្ធទិវាអូហ្សូន ឆ្នាំ២០២៦ ក្រោមប្រធានបទ «សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន» មិនត្រឹមតែ ជាការអបអរសាទរសមិទ្ធផលដ៏អស្ចារ្យរបស់ពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មទីក្រុងគីហ្គាលីប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការអំពាវនាវឱ្យប្រទេសទាំងអស់ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប បន្តរួមគ្នាបង្កើន សកម្មភាពជាក់ស្តែង ដើម្បីការពារស្រទាប់អូហ្សូន កាត់បន្ថយការកើនកម្ដៅភពផែនដី និងជំរុញការប្រើប្រាស់ ដំណោះស្រាយត្រជាក់ប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍រួមរបស់មនុស្សជាតិ និងភពផែនដី៕ អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល