Connect with us

ព័ត៌មាន

សម្ដេច​ធិ​បតី ជំរុញឱ្យមន្ត្រីតាមបណ្ដាខណ្ឌយកគំរូតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះ​ប្រមូល​សំរាម​ និងរៀបហេដ្ឋារចនាសម្ព័ន្ធដែល​មិនត្រឹមត្រូវ និងអំពាវនាវ​ពលរដ្ឋ​ជួយ​ថែ​រក្សា​បរិស្ថាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ជំរុ​ញ​ឱ្យ​មន្ត្រី​តាម​បណ្ដា​ខណ្ឌ​យកគំរូតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុង​ការ​ចុះ​ប្រមូល​សំរាម និងរៀបហេដ្ឋារចនាសម្ព័ន្ធដែលមិនត្រឹមត្រូវដែលពលរដ្ឋសាងសង់​នៅតាមមូលដ្ឋាន និង​អំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ នាឱកាសអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែល​ជា​មន្ទីរ​ពេទ្យ​ផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។

សម្តេចធិបតី បានថ្លែង​ថា «ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា (លោក ប៉ាង លីដា អភិបាល​រង​​ខណ្ឌ​ពោធិ៍សែន​ជ័យ) ឃើញចុះធ្វើច្រើន បាលូសំអាតសំរាម ហើយក៏មានការ​ចូល​រួម​ពី​ខណ្ឌ​ផ្សេងៗ បន្តធ្វើទៀតទៅអាណឹង ហើយខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផង កន្លែង​ខ្លះ​ឃើញ​គាត់​បារ​លូហើយឥលូវមកវិញទៀតសំរាម បារអត់អស់ទេសំរាម ហើយនេះសម្រាប់​សុខភាព​បង​ប្អូន​ប្រជាពលរដ្ឋទេ សូមចូលរួមគ្នាដើម្បីការពារ»។

សម្ដេច​ធិបតី​ក៏​បាន​រំលឹកឡើងវិញគ្រា​ដែល​បាន​បើក​ដំណើរ​ការ​សាក​ល្បង​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​លេង​កម្សាន្ត​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ​២០២៥ មានប្រជាពលរដ្ឋបានចូលលេងកម្សាន្តរាប់ម៉ឺននាក់ តែមិនមាន​សំរាម​រាយ​ប៉ាយ​នោះ​ឡើយ​​ ដោយប្រជាពលរដ្ឋបានទុកដាក់សំរាមបានត្រឹមត្រូវ និងបានជួយថែរក្សាបរិស្ថានបានល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បរិស្ថានស្អាត គឺបាន​ផ្តើម​ចេញ​ពី​យើង​ម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចថារង់ចាំតែអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូលសំរាម ទើ​ប​ធ្វើឱ្យស្អាតបាននោះទេ គឺយើងត្រូវតែចូលរួមរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀស​វាង​ការ​បោះចោលពាសវាលពាសកាល ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា ដែលនេះហើយគឺ​ជាកិច្ច​ការ​សំខាន់​មួយ​ផ្នែក​រឿង​សុខភាពផងដែរ។

សូមបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន បច្ចុប្បន្នរាជធានី​ភ្នំពេញ​​មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ចំនួន៣ ដែលទទួលខុសត្រូវលើការប្រមូល និងដឹកជញ្ជូនសំរាម។ ក្រុមហ៊ុន​ទាំង​នេះ​បាន​ចូល​រួមប្រកួតប្រជែងគ្នា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែទម្រង់លើការគ្រប់គ្រង និង​ដឹកជញ្ជូនសំរាមពីក្រុមហ៊ុនតែមួយដាច់មុខកាលពីមុន។ បរិមាណសំរាមដែលប្រមូល បាន​នៅ​រាជ​ធានីភ្នំពេញបានកើនឡើងគួរឱ្យកត់សម្គាល់។ កាលពីមុន ការប្រមូល​ដឹក​ជញ្ជូន​សំរាម​បាន​ត្រឹម​តែ​ប្រមាណ ៣,០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន បរិមាណសំរាម​បាន​កើន​ឡើង​រហូតដល់ ៤,១០០តោនក្នុងមួយថ្ងៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia